Warning: Trying to access array offset on value of type bool in /home/issr/www/www/wp-content/themes/smarty/parts/page-title.php on line 47

ពណ៌នាមុខវិជ្ជា

ភាសាខ្មែរ
ក. វត្ថុបំណង

កម្មវិធីភាសាខ្មែរនៅមធ្យមសិក្សាបឋមភូមិ   ធានាឲ្យសិស្សមានសមត្ថភាពអាចប្រើប្រាស់ភាសា   ក្នុងគមនាគមន៍គំនិតបានត្រឹមត្រូវ  តាមតម្រូវការជីវភាពសង្គម  ។  តាមរយៈការបណ្ដុះបណ្ដាលសមត្ថភាពទាំងបួន  កម្មវិធីនេះត្រូវផ្ដល់បំនិនគ្រប់គ្រាន់ដើម្បីបង្កលក្ខណៈងាយស្រួល   ឲ្យសិស្សអាចយល់បានល្អនូវមេរៀនមុខវិជ្ជាដទៃទៀតនៃកម្មវិធីសិក្សា   ។   ទន្ទឹមនឹងនេះ   បណ្ដុះគំនិត   ស្មារតីច្នៃប្រឌិត   សីលធម៌  បុគ្គលិកលក្ខណៈ   សុខភាព   ដើម្បីឲ្យសិស្សក្លាយជាពលរដ្ឋមានសមត្ថភាពចូលរួមក្នុងអភិវឌ្ឍន៍សង្គម  ។
ខ. ខ្លឹមសារសំខាន់ៗ  នៃកម្មវិធីសិក្សា
– គមនាគមន៍   និងអភិវឌ្ឍន៍
-​​ បំនិនគំនិត
– របៀបរៀនសូត្រ
– ភាសា  និងវប្បធម៌
១.  គមនាគមន៍  និងអភិវឌ្ឍន៍
សិស្សមានសមត្ថភាពក្នុងគមនាគមន៍គំនិត (  ទាំងបំនិនផ្ទាល់មាត់  និងសំនេរ )  អាចចូលរួមក្នុងការប្រាស្រ័យទាក់ទងនៅក្នុងសាលា   និងសង្គម  ។
 ក. គមនាគមន៍ផ្ទាល់មាត់

សមត្ថភាពស្ដាប់

  • សិស្សស្ដាប់យល់អត្ថបទ ពាក្យរាយ  ពាក្យកាព្យ  ពណ៌នា  និទាន  និងពន្យល់  ។
  • យល់លំណែនាំងាយៗ ។
  • ចេះកត់ចំណាំគំនិតសំខាន់ៗ ។
  • វាយតម្លៃ រិះគន់  សរសើរ  ឈរលើអំណះអំណាងសមរម្យ  ។
    សមត្ថភាពនិយាយ
  • សិស្សចេះនិយាយច្បាស់ ត្រឹមត្រូវតាមសូរពាក្យ  ចេះលើកដាក់សម្លេង   ចង្វាក់តាមសំនៀង   ​​  និង    ​សញ្ចេតនា   ។
  • មានសិល្បៈអាចនិយាយ សួរ  ឆ្លើយ ​ពណ៌នា  និទាន  បង្ហាញហេតុផលតាមស្ថានភាព   និងតាមអ្នក​ស្ដាប់   ។
  • ចេះប្រកាន់អាកប្បកិរិយាសុភាពរាបសាតាមប្រពៃណី នៅពេលនិយាយ   ។
    ខ.  គមនាគមន៍តាមរយៈសំណេរ
  • សមត្ថភាពអាន
  • សិស្សមានចំណង់ចំណូលចិត្តក្នុងអំណាន ។
  • អានយល់អត្ថបទពាក្យរាយ កាព្យ  ពណ៌នា  និទាន  និងពន្យល់  ។
  • ចេះអានធ្វើបទមូលដ្ឋាន (  ចំពោះ )  ។
  • ចេះអានលឺ តាមបែបបទសមស្រប  តាមស្ថានភាព  អានខ្សឹប  អានត្រួសៗ   ច្បោលៗ  ​ ដកស្រង់គំនិតសំខាន់របស់អត្ថបទ   និងព្យាកររកទំនាក់ទំនងក្នុងលំដាប់   ។
  • ស្គាល់ពាក្យបាលី សំស្ក្រឹត  បច្ចេកទេស   អក្សរសិល្ប៍   និងកំណត់ន័យពាក្យតាមទីសេចក្ដី   ហើយយល់ក្បួនបង្កើតពាក្យ   ។
  • ចេះបកស្រាយរូបភាពដ្យាក្រាម ផែនទី  … ។
  • ចេះដកស្រង់បទពិសោធអក្សរសិល្ប៍ ជាគុណប្រយោជន៍នៃជីវភាពរស់នៅបច្ចុប្បន្ន   ។
  • សមត្ថភាពសរសេរ
  • សិស្សចេះប្រើដំណាក់នៃតំណែងនិពន្ធ ដើម្បីតែងអត្ថបទបែបសំបុត្រ   ពាក្យសុំផ្សេងៗ របាយការណ៍  អត្ថបទពណ៌នា   សង្ខេបរឿង   ការសន្ទនា  សេចក្ដីពន្យល់ខ្លីៗ  ឲ្យមានលក្ខណៈសមហេតុផល  មានឯកភាព   ។
  • តែងអត្ថបទ និងបកស្រាយក្រាភិច   តារាង  រូបភាព   ដ្យាក្រាម   ។
  • សរសេរតែងពង្រីកចេញពីអត្ថបទ ។
  • ចេះប្រើរចនាបថ ពាក្យត្រឹមត្រូវតាមមជ្ឈដ្ឋាន  (  រាជសព្ទ   ពាក្យសាមញ្ញ  … )

 ២ . បំនិនគំនិត

  • ចេះស្វែងយល់ពីគំនិត ទស្សនៈ   ស្ថានភាព   និងចេះលើកឡើងនូវដំណោះស្រាយ   ដោយផ្អែកលើ ​ហេតុផល    និងតក្កភាព   ។
  • ចេះច្នៃប្រឌិត មានគំនិតផ្ដួចផ្ដើម  ។

៣. របៀបរៀន

  • ចេះប្រើប្រាស់បណ្ណាល័យ ចេះធ្វើកំណត់សេចក្ដី  ចេះសាកសួរយកព័ត៌មាន ចេះរៀនម្នាក់ឯង  ឬជាក្រុម។
  • ចេះប្រើប្រាស់វចនានុក្រម សទ្ទានុក្រម  រកគំនិតណាមួយក្នុងឯកសារ  ។

៤. ភាសា និង វប្បធម៌

  • ស្គាល់តម្លៃនៃភាសាជាតិ ដែលមានលទ្ធភាពអាចឆ្លុះបញ្ចាំងនានាភាពនៃវប្បធម៌   ព្រមទាំងចេះប្រើប្រាស់ពុទ្ធិភាសានេះ  នៅក្នុងទំនាក់ទំនងទូទៅ  ប្រកបដោយទឹកចិត្តរំភើប   និងស្រលាញ់  ។
  • ស្គាល់ថ្នាក់ភាសា ( ​សាមញ្ញ  ស្តង់ដា  ខ្ពស់  ទាប  -ល- )  ។
  • យល់ដឹងពីការចាំបាច់នៃការវិវត្តនៃភាសា ។

គ. វិធីបង្រៀន

គ្មានវិធីណាមួយដាច់នាត់សម្រាប់ការបង្រៀន  និងរៀនភាសាខ្មែរនោះទេ ។  សាស្ត្រាចារ្យអាចជ្រើសរើសវិធីសមស្របណាមួយ  ក្នុងចំណោមវិធីដ៏ច្រើន  ឬបង្កើតវិធីមួយផ្សេងដោយដកស្រង់  តែចំនុចល្អពីវិធីដែលគេធ្លាប់ប្រើមកហើយ  ។  តែប្រការដែលគួរកត់សម្គាល់នោះ  មានដូចតទៅ៖
– ត្រូវបណ្ដុះចរិកស្រលាញ់អំណានដល់សិស្ស   ហើយលើកទឹកចិត្តឲ្យសិស្សហ៊ាននិយាយ ហ៊ានចូលរួមក្នុងការសន្ទនា  ចេះរៀនម្នាក់ឯង  ចេះរៀនជាក្រុម  ចេះគិត  និងឆ្លើយបានរហ័សស្មើនឹងចរន្តវិវត្តនៃជីវភាពរស់នៅ  ។
– រៀបចំកិច្ចការសម្រាប់សិស្សធ្វើនៅថ្នាក់  ឬនៅផ្ទះ  ហើយធ្វើកំនែកិច្ចការរបស់សិស្សជានិច្ច  ។
– បណ្ដុះទម្លាប់ឲ្យសិស្សចេះស៊ើបសួរ  ( ឯកសាររស់ )  ឬស្រាវជ្រាវបញ្ហាណាមួយក្នុងឯកសារ  ( សារព័ត៌មាន  សៀវភៅ  )  ។
– ណែនាំសិស្ស  ឲ្យធ្វើប្លង់កិច្ចការ   និងសរសេរឲ្យមានសណ្ដាប់ធ្នាប់  ។
– ណែនាំឲ្យសិស្សចេះ  រៀបចំឥរិយាបថសមរម្យ  នៅពេលធ្វើគមនាគមន៍គំនិត  ។
– ប្រើសម្ភារៈឧបទេសដើម្បីជួយជម្រុញល្បឿន  នៃការសិក្សា ។ ការប្រើសម្ភារៈធ្វើឲ្យការពន្យល់មានលក្ខណៈរូបី ។
ភាសាបរទេស
ក. វត្ថុបំណង

សិក្សាចប់កម្មវិធីសិក្សាភាសាបរទេសនៅមធ្យមសិក្សាបឋមសិក្សាបឋមភូមិ  សិស្សអាចប្រើប្រាស់  ក្នុងជីវភាពសង្គមបាន  ក្នុងកម្រិតងាយៗ ​ហ៊ានធ្វើទំនាក់ទំនង  និងមានអាកប្បកិរិយាសមរម្យ  ស្របតាមសីលធម៌ប្រពៃណី  ។   សិស្សអាចមានសមត្ថភាពក្នុងការសរសេរកថាខណ្ឌខ្លីៗ  និងត្រឹមត្រូវតាមក្បួនវេយ្យាករណ៍  ហើយចេះអាន  និងយល់អត្ថបទខ្លីៗ  ងាយៗ  ព្រមទាំងចេះកត់ទុក   និងរៀបចំល្បះ  ដើម្បីឆ្លើយតបនឹងសំនួរ  ឬរៀបរាប់ឡើងវិញនូវអ្វី  ដែលគេបានលឺ  ។  ម្យ៉ាងទៀត  សិស្សអាចមានចំណេះមូលដ្ឋានភាសា  ដើម្បីបង្កើនចំណេះដឹងខ្ពស់ទៀតបាន   ។
ខ. ខ្លឹមសារសំខាន់ៗ  នៃកម្មវិធីសិក្សា
១. បំនិនគមនាគមន៍
ស្ដាប់ :  សិស្សអាចយល់ការជូនដំណឹងខ្លីៗ  ងាយៗ  យល់សេចក្ដីលម្អិត  គំនិតសំខាន់  ហេតុផល  ។
និយាយ :  សិស្សអាចសន្ទនា  ជូនព័ត៌មានពីខ្លួនឯង  ពីអ្នកដទៃ  ពីបទពិសោធន៍ផ្ទាល់ខ្លួន … និទានរឿងខ្លីៗងាយៗពន្យល់មូលហេតុងាយៗ  សួរសុខទុក្ខមិត្តភក្តិ … ។    សិស្សអាចចេះគិតពិចារណា  ប្រៀបធៀប   ចេះប្រើសំនួនមួយចំនួន  ។
សរសេរ :  សិស្សអាចសរសេរពាក្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ  និងអាចសរសេរល្បះ  ឬកថាខណ្ឌខ្លីៗ  បានត្រឹមត្រូវតាមក្បួនវេយ្យាករណ៍នៃភាសាដែលខ្លួនបានសិក្សា  ចេះប្រើសញ្ញាសម្ព័ន្ធ  ចេះតែងសំបុត្រទាក់ទងគ្នា  ឬលិខិតជូនពរចេះពណ៌នាមនុស្ស  សត្វ  ឬទីកន្លែង  ចេះសរសេរបកស្រាយមនោសញ្ចេតនា  បំណង  ឬហេតុការណ៍ផ្សេងៗ  ។
២. ពុទ្ធិវប្បធម៌  អរិយធម៌
សិស្សស្គាល់ទិដ្ឋភាពខ្លះៗ  នៃអរិយធម៌ជាតិ  ប្រៀបធៀបនឹងអរិយធម៌បរទេសចាំបាច់ខ្លះៗ   តាមរយៈ អត្ថបទ រូបភាព  រូបថត  ការសន្ទនា … ។  ទិដ្ឋភាពទាំងនោះត្រូវជ្រើសរើស ឲ្យស្របនឹងវ័យ  ប្រយោជន៍របស់សិស្សស្រប​​​​​​តម្រូវការសង្គម  ។  តាមរយៈភាសាបរទេស  សិស្សអាចយល់ដឹងបន្ថែមលើមុខវិជ្ជាដទៃទៀត ​ ។
៣. សមត្ថភាពបញ្ញា
ក្នុងការសិក្សាភាសាបរទេស   ត្រូវបណ្ដុះទម្លាប់សង្កេត  តម្លាប់រហ័សរហួនក្នុងការគិត  វាយតម្លៃសភាពការណ៍ និងចេះធ្វើដំណោះស្រាយ  តាមមធ្យោបាយងាយៗ​  ។
គ.  វិធីបង្រៀន

  • យកសិស្សជាមជ្ឈមណ្ឌល ដោយសង្កត់ធ្ងន់ទៅលើសមត្ថភាពនិយាយ  និងស្ដាប់ច្រើនជាងគេ  ។
  • ជម្រុញសិស្ស ឲ្យហ៊ាននិយាយ  ហ៊ានសួរ  និងឆ្លើយ  បានរហ័សភ្លាមៗ   ។
  • ទម្លាប់សិស្ស ឲ្យចេះស្រលាញ់អំណាន  និងស្វ័យសិក្សា   ។
  • បណ្ដុះសិស្សឲ្យមានទម្លាប់ប្រើប្រាស់ភាសាបរទេស ដើម្បីទាក់ទងគ្នាងាយៗ  តាមសមត្ថភាពរបស់ខ្លួននៅក្នុង  និងក្រៅថ្នាក់រៀន  ( ផ្ទាល់មាត់  និងសរសេរ  )  ។
  • ទម្លាប់សិស្សឲ្យចេះគិត និងដោះស្រាយបញ្ហាតូចៗ  ។
  • រៀបចំកិច្ចការឲ្យសិស្សធ្វើនៅក្នុងថ្នាក់ និងនៅផ្ទះ  ។
  • កែកិច្ចការសិស្សឲ្យបានទៀងទាត់ ។

គណិតវិទ្យា
ក. វត្ថុបំណង

នៅមធ្យមសិក្សាបឋមភូមិ  ការបង្រៀនគណិតវិទ្យាមានគោលបំណង  ពង្រឹង  និងពង្រីក  ចំណេះដឹងរបស់សិស្សឲ្យកាន់តែមានលក្ខណៈទូលំទូលាយ   ហើយមានក្បួនខ្នាតត្រឹមត្រូវ   ។   ក្រៅពីបំនិនជាមូលដ្ឋាននៃគណិតវិទ្យា  ត្រូវពង្រីកគំនិតច្នៃប្រឌិតរបស់សិស្សតាមវិចារគណិតវិទ្យា  ដើម្បីធានាឲ្យសិស្សអាចអនុវត្តចំណេះដឹងរបស់ខ្លួនក្នុងវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា ដូចជាក្នុងការដោះស្រាយចំណោទផ្សេងៗ  ។

រៀនចប់មធ្យមសិក្សាបឋមភូមិ  សិស្សអាច  ៖

  • ទទួលបានបញ្ញត្តិ និងបំនិននៃគណិតវិទ្យាជាមូលដ្ឋាន
  • គណនាត្រឹមត្រូវហើយរហ័ស
  • ចេះរិះគិតសមហេតុផល
  • ចេះអនុវត្តចំណេះដឹងគណិតវិទ្យាក្នុងការដោះស្រាយបញ្ហាដែលជួបញឹកញាប់
  • ចេះប្រើប្រាស់គណិតវិទ្យាក្នុងការសិក្សាមុខវិជ្ជាដទៃទៀត ។

ខ. ខ្លឹមសារសំខាន់ៗ  នៃកម្មវិធីសិក្សា

  • នព្វន្ត
  • ពីជគណិត
  • ក្រាភិច
  • ស្ថិតិ និងវិភាគ
  • សញ្ញាណដំបូងនៃប្រូបាប
  • ត្រីកោណមាត្រ
  • ធរណីមាត្រ ។

១. នព្វន្ត

  • ឲ្យសិស្សស្ដាប់ភាពចាំបាច់ និងការប្រើប្រាស់នៃចំនួនគត់  ប្រភាគ  ចំនួនទសភាគ  ចំនួនឬឡាទីបចំនួនអសនិទាន។
  • ឲ្យសិស្សចេះ ធ្វើប្រមាណវិធីលើចំនួនបានត្រឹមត្រូវ  ។

 ២. ពីជគណិត

ឲ្យសិស្សចេះ  ដោះស្រាយចំណោទតាមពីជគណិត  រួមមាន ៤ ជំហាន ៖

  • យល់ចំណោទ : គេប្រាប់អ្វី ?  គេសួរអ្វី  ?
  • សរសេរសមីការ : តាងអញ្ញាតដោយអក្សរ  រួចបកស្រាយចំណោទទៅជាសមភាព  នៃកន្សោមពីជគណិត
  • ដោះស្រាយសមីការ :  គណនារកចម្លើយ
  • ផ្ទៀងផ្ទាត់ :  ពិនិត្យតើចម្លើយបានបំពេញតាមលក្ខខ័ណ្ឌនៃចំណោទ  ឬទេ ​។

   ៣. ក្រាភិច

  • ឲ្យសិស្សសង់ក្រាភិចដោយឲ្យតម្លៃលេខ
  • ឲ្យសិស្សចេះប៉ាន់ស្មានភាពកើន និងភាពចុះ  នៃខ្សែកោង
  • ឲ្យសិស្សចេះបកស្រាយទិន្នន័យ ជាដ្យាក្រាមសសរ  ដ្យាក្រាមផ្លិត  ។

  ៤. ស្ថិតិ

  • ឲ្យសិស្សចេះប្រមូលផ្ដុំទិន្នន័យ ជាថ្នាក់   ជាក្រុម   រួចបញ្ចូលក្នុងតារាង
  • ឲ្យសិស្សចេះវិភាគទិន្នន័យតាម ជាមធ្យម  មេដ្យាន  ម៉ូត
  • ឲ្យសិស្សចេះបកស្រាយទិន្នន័យ ជាដ្យាក្រាមសសរ  ដ្យាក្រាមផ្លិត  ។

៥. សញ្ញាណដំបូងនៃប្រូបាប

  • ឲ្យសិស្សយល់បញ្ញត្តិនៃប្រូបាប ដែលជាគណិតវិទ្យាពិសោធលើព្រឹត្តិការណ៍មួយ  ដើម្បីកំណត់រកភាគរយដែលព្រឹត្តិការណ៍នោះសង្ឃឹមថានឹងកើតឡើង
  • ឲ្យសិស្សចេះអារកាត់ លើកិច្ចការអ្វីមួយដោយថ្លឹងតាមប្រូបាប

P > 0,​5   មានប្រៀបជាង

P < 0,​5   គ្មានប្រៀបជាង ។

៦. ត្រីកោណមាត្រ

  • ឲ្យសិស្សចេះប្រើតារាងត្រីកោណមាត្រ ដើម្បីគណនាមុំ  និងជ្រុងនៃត្រីកោណកែង
  • អនុវត្តត្រីកោណមាត្រ ដើម្បីគណនាចំណោទនៃប្លង់ទេរ   កំពស់ភ្នំ ​ ​ឬប្រវែងមួយដែលគេពុំអាចវាស់វាបានដោយផ្ទាល់  ។

៧. ធរណីមាត្រ

  • ឲ្យសិស្សស្គាល់ ទម្រង់ធរណីមាត្រ  :  បន្ទាត់  មុំ  ត្រីកោណ  ចតុកោណ  រង្វង់ …
  • ឲ្យសិស្សស្គាល់ ​ទំនាក់ទំនងធរណីមាត្រ
  • ទំនាក់ទំនងរវាងបន្ទាត់ពីរ :​ បន្ទាត់កាត់គ្នា  បន្ទាត់កែង  បន្ទាត់ស្រប
  • ទំនាក់ទំនងរវាងត្រីកោណពីរ :  ត្រីកោណប៉ុនគ្នា  ត្រីកោណដូចគ្នា
  • ទំនាក់ទំនងឆ្លុះ :​ រូបឆ្លុះ  ធៀបផ្ចិត  និងធៀបអ័ក្ស
  • ឲ្យសិស្សចេះ ដោះស្រាយចំណោទតាមធរណីមាត្រ

គ. វិធីបង្រៀន
១. នៅមធ្យមសិក្សា  ការបង្រៀនគណិតវិទ្យា  មានលក្ខណៈអរូបី  ជាងនៅបឋមសិក្សា  ។  គ្រូអាចផ្ដល់បញ្ញត្តិគណិតវិទ្យាដល់សិស្ស  តាមពណ៌នា ​ឬតាមនិយមន័យ  ។  ក្នុងការបណ្ដុះបញ្ញាសិស្ស  គ្រូអាចប្រើវិធីអនុមានរួមគួបផ្សំនឹងវិធីអនុមានញែក  ក្នុងការបង្រៀនគណិតវិទ្យាដល់សិស្ស  ។ ​ បន្ថែមទៀត ​គ្រូក៏អាចប្រើវិធីវិភាគនិងសំយោគ  សម្រាប់បំបែកចំណេះដឹងដែលស្មុគស្មាញជាផ្នែកតូចៗ  ដើម្បីឲ្យសិស្សងាយយល់មេរៀនបានស៊ីជម្រៅ  ។

២. ក្នុងការរៀបចំកិច្ចតែងការបង្រៀន  គ្រូត្រូវគោរពតាម  ប្រាំជំហាន  រួមមាន  ៖

  • លំនឹងថ្នាក់
  • រំលឹកមេរៀនចាស់ ឬបំផុសគំនិតអូសទាញសិស្ស ( សកម្មភាពគ្រូ )
  • បង្រៀនមេរៀនថ្មី ( សកម្មភាពគ្រូ + សិស្ស )
  • ប្រតិកម្ម (​ សកម្មភាពសិស្ស )
  • ផ្ដល់លំហាត់ ( សកម្មភាពសិស្ស ) ។

៣. ដើម្បីឲ្យការបង្រៀន  និងរៀនគណិតវិទ្យាមានប្រសិទ្ធភាព  គ្រូត្រូវមានភារកិច្ចដូចខាងក្រោម  ៖

  • គ្រូគ្រាន់តែជាអ្នកណែនាំសិស្សក្នុងការរៀនគណិតវិទ្យា ដោយជៀសវាងការផ្ទេរចំណេះដឹងដល់សិស្សតែម្ដង
  • គ្រូប្រើសំនួរបំផុស ដើម្បីសួរសិស្ស  រួចចម្រាញ់យកចម្លើយពីសិស្សមកវិញ
  • គ្រូត្រូវជ្រើសរើសសម្ភារៈឧបទេសក្នុងស្រុក ឬច្នៃប្រឌិតសម្រាប់ក្នុងការបង្រៀនគណិតវិទ្យា
  • ក្រៅអំពីចំណេះដឹង និងបំនិនប្រសប់  គ្រូត្រូវសង្កត់បន្ថែមផ្នែកប្រតិបត្តិផ្ទាល់ដៃ ​ដើម្បីអាចឲ្យសិស្សចូលរួមក្នុងសកម្មភាពផលិតផ្សេងៗ
  • គ្រូទម្លាប់ សិស្សឲ្យចេះដោះស្រាយចំណោទ  ពិសេសចំណោទមិនប្រក្រតី  ដើម្បីឲ្យសិស្សចងចាំរាល់ខ្លឹមសារសំខាន់ៗ  នៃគណិតវិទ្យាបានយូរ  ។

ខ. ពិសោធន៍អំពីពលកម្ម

សមាសភាគ  “  ពិសោធន៍អំពីពលកម្ម  ”  អប់រំអំពីពិសោធន៍ទូទៅ  និងប្រតិបត្តិការលើពលកម្ម  ព្រមទាំងអំពីចំណេះដឹងមូលដ្ឋាន   ក្នុងការរៀបចំខ្លួនបំពេញការងារមុខរបរក្នុងអនាគត  ។  សមាសភាគនេះមានមុខវិជ្ជាតែមួយ  គឺបច្ចេកវិទ្យា-គេហវិទ្យា។

បច្ចេកវិទ្យា – គេហវិទ្យា
កម្មវិធីសិក្សា  បច្ចេកវិទ្យា-គេហវិទ្យា  នៅមធ្យមសិក្សាជួយសិស្សឲ្យមានបំនិនចាំបាច់ក្នុងជីវិត   ឲ្យយល់ដឹងអំពីទំនាក់ទំនងរវាងជីវិត  និងបំនិនក្នុងផ្ទះ  និងសង្គម  ហើយនិងជួយសិស្សឥ្យមានឥរិយាបថប្រតិបត្តិរីកចម្រើន  ។  កម្មវិធីសិក្សានេះចែកជា  បច្ចេកវិទ្យា  និងគេហវិទ្យា  ។

បច្ចេកវិទ្យា
ក. វត្ថុបំណង
វត្ថុបំណងនៃការបង្រៀនបច្ចេកវិទ្យា  នៅមធ្យមសិក្សាបឋមភូមិ  គឺបណ្ដុះគំនិតកត់សម្គាល់​ សង្កេត  វិភាគបញ្ហា   ស្រាវជ្រាវគំនិតមានហើយ  និងបញ្ចេញគំនិតថ្មី  ស្នើដំណោះស្រាយ  ជ្រើសរើសចម្លើយ  វាយតម្លៃលទ្ធផល ស្វែងយល់គំនិតថ្មីៗឲ្យបានស៊ីជម្រៅ   ហើយយកទៅអនុវត្ត  ដើម្បីបញ្ចេញស្នាដៃ  ឬដោះស្រាយបញ្ហាប្រចាំថ្ងៃ  ។

រៀនចប់កម្មវិធីសិក្សាបច្ចេកវិទ្យា  សិស្សអាច  ៖

  • ចេះអភិវឌ្ឍចំណេះដឹង ចំណេះធ្វើ  ទៅតាមនិស្ស័យ   និងចំណង់ចំណូលចិត្តរបស់ខ្លួនផ្ទាល់  ដើម្បីឈានទៅជ្រើសរើសការបណ្ដុះបណ្ដាលមុខរបរដ៏សមរម្យ   និងពេញចិត្ត
  • យល់ដឹងពីសញ្ញាណនៃរូបធាតុ ឧបករណ៍  ការផលិត និងគ្រោះថ្នាក់ដែលអាចកើតឡើងក្នុងការផលិត
  • ចេះប្រើប្រាស់ឧបករណ៍ កែច្នៃសម្ភារៈងាយៗ  សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ
  • ស្រលាញ់ និងយកចិត្តទុកដាក់ក្នុងការងារពលកម្ម   មានសណ្ដាប់ធ្នាប់ក្នុងការទុកដាក់ឧបករណ៍  និងថែរក្សាដោយមានការប្រុងប្រយ័ត្ន
  • ឈានទៅយល់ដឹង ស្គាល់  និងប្រើប្រាស់បណ្ដើរៗ  បច្ចេកវិទ្យាទំនើប  ក្នុងពេលបច្ចុប្ប  និង​​  ​អនាគតកាល  ។

ខ. ខ្លឹមសារសំខាន់ៗ  នៃកម្មវិធីសិក្សា

  • សម្ភារៈប្រើប្រាស់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ
  • ថាមពល ( អគ្គិសនី   ព្រះអាទិត្យ  ឧស្ម័ន  ធ្យូងថ្ម  )
  • មេកានិច – ម៉ាស៊ីន
  • កសិកម្ម ( ការដាំដុះ   ការចិញ្ចឹម  ការលក់ដូរផលិតផល )

១. សម្ភារៈប្រើប្រាស់
១.១. ការផលិតពីៈ

  • រុក្ខជាតិ ( ឈើ  វល្លិ  ឫស្សី  ស្លឹក …  )
  • លោហៈ ដី  ថ្ម
  • ប្លាស្ទិច អាគ្រីលិច  បាកេលីត  …  ។

    ១.២. បម្រើបម្រាស់  និងតំហែទាំ

  • បម្រើបម្រាស់ សម្ភារៈទៅតាមរបៀបរបស់វា
  • តំហែទាំ និងកែកុនជាបណ្ដើរៗ   ដើម្បីប្រើប្រាស់វាបានយូរ  ។

២. ថាមពល

២.១. អគ្គិសនី/អេឡិចត្រូនិច

  • ចំណេះដឹងងាយៗ អំពីអគ្គិសនី/អេឡិចត្រូនិច
  • បម្រើបម្រាស់សម្ភារៈអគ្គិសនីក្នុងផ្ទះ
  • ការជួសជុលងាយៗ នៃសម្ភារៈអគ្គិសនី  និងបណ្ដាញអគ្គិសនីក្នុងផ្ទះ  ។

២.២. ព្រះអាទិត្យ

  • ការយល់ដឹងអំពីថាមពលព្រះអាទិត្យ
  • បម្រើបម្រាស់ថាមពលព្រះអាទិត្យ

២.៣. ឧស្ម័ន

  • ការយល់ដឹងអំពីឧស្ម័នប៊ុយតាន ( ប្រើប្រាស់ក្នុងផ្ទះ )
  • បម្រើបម្រាស់ ឧស្ម័នប៊ុយតាន  ។

២.៤. ធ្យូងថ្ម

  • ការយល់ដឹងអំពីធ្យូងថ្ម
  • បម្រើបម្រាស់ធ្យូងថ្ម ។

៣. មេកានិច-ម៉ាស៊ីន
៣.១. ប្រព័ន្ធមេកានិច

  • ការយល់ដឹងអំពី ប្រព័ន្ធមេកានិច
  • បម្រើបម្រាស់ និងតំហែទាំ  ប្រព័ន្ធមេកានិច
  • ការជួសជុលងាយៗ ផ្នែកផ្សេងៗ  នៃប្រព័ន្ធមេកានិច  ។

៣.២. ម៉ាស៊ីន

  • ការយល់ដឹងអំពីម៉ាស៊ីនចំហេះក្នុង
  • បម្រើបម្រាស់ និងតំហែទាំម៉ាស៊ីន
  • ការជួសជុលងាយៗ ផ្នែកផ្សេងៗ  នៃម៉ាស៊ីន  ។

៤. កសិកម្ម
៤.១.  ការដាំដុះ  ( ធញ្ញជាតិ  បន្លែ  ផ្កា  ដំណាំហូបផ្លែ  …  )

  • ការជ្រើសរើស និងរៀបចំកន្លែងសម្រាប់ដាំដុះ
  • ការជ្រើសរើស ពូជដំណាំគ្រួសារ
  • ការថែទាំ និងដាក់ជី  ទៅតាមក្បួនដាំដុះ
  • វិធីការពារ និងព្យាបាល  ជំងឺដំណាំ
  • ការយល់ដឹងពីគ្រោះថ្នាក់ ដែលកើតមានឡើងពីការប្រើថ្នាំសម្លាប់សត្វល្អិត   ។

៤.២.  ការផ្សាំ  និងបំបៅ
៤.៣.  ការចិញ្ចឹមសត្វ  ( ​ ចតុបាទ  បក្សី  មច្ឆជាតិ  … )

  • ការជ្រើសរើស ពូជ
  • ការជ្រើសរើស និងរៀបចំកន្លែងចិញ្ចឹម
  • បច្ចេកទេសធ្វើចំណី និងថែបំប៉ន
  • វិធីការពារ និងព្យាបាលរោគ  ។

៤.៤. ការលក់ដូរផលិតផល  ។
គ. វិធីបង្រៀន

១. ឯកសារប្រើប្រាស់

  • គ្រូត្រូវជ្រើសរើស ឯកសារណាដែលទំនើប  សង្ខេប  មានអត្ថបទពន្យល់តិច   ប្រកបដោយរូបភាពពន្យល់ច្រើន  ដែលមានលក្ខណប្រតិបត្តិ  គឺមិនវែងអន្លាយច្រើនឥតប្រយោជន៍  ។  ក្នុងករណីចាំបាច់  គ្រូត្រូវតាក់តែងដោយខ្លួនឯង  ដើម្បីឲ្យស្របតាមតម្រូវការជាក់ស្ដែង  ក្នុងសហគមន៍  ។

២. ល្បិចបង្រៀន

  • គ្រូត្រូវពន្យល់សិស្សដោយបញ្ជាក់ចំនុចសំខាន់ៗ ឲ្យបានច្បាស់លាស់   ។
  • ណែនាំឲ្យសិស្ស អនុវត្តដោយផ្ទាល់   ដោយធ្វើឲ្យសិស្សមើលឃើញជាក់ស្ដែង  ។
  • ដាក់ការងារឲ្យសិស្សធ្វើ ហើយតាមដានសកម្មភាពសិស្សជានិច្ច  ។  បើឃើញសិស្សណាមានការលំបាក   ត្រូវណែនាំជាបន្ថែមភ្លាម   ។  ​តាមការជាក់ស្ដែង  សិស្សអាចធ្វើការងារជាក្រុម   ឬម្នាក់ឯង  ។

៣. វត្ថុធាតុ  សម្ភារៈ  ឧបករណ៍   កន្លែងសម្រាប់បង្រៀន

  • គ្រូត្រូវចេះធ្វើគម្រោងវត្ថុធាតុ សម្ភារៈ  ឧបករណ៍   តាមតម្រូវការជាក់ស្ដែង   ហើយស្នើឡើងទៅថ្នាក់លើឲ្យបានទាន់ពេលវេលា    ។
  • កន្លែងបង្រៀន ត្រូវរៀបចំឲ្យបានត្រឹមត្រូវល្អ   ទាំងកន្លែងសម្រាប់គ្រូ    ទាំងកន្លែងសម្រាប់សិស្ស  ។
  • ត្រូវមានកន្លែងសម្រាប់ធ្វើទស្សនកិច្ចសិក្សា (  ក្នុងករណីចាំបាច់  )   ។

គេហវិទ្យា
ក. វត្ថុបំណង
នៅមធ្យមសិក្សាបឋមភូមិ ការសិក្សាគេហវិទ្យាមានបំណងធ្វើឲ្យសិស្សទទួលបានចំណេះដឹងមូលដ្ឋាន និងបច្ចេកទេសដែលទាក់ទងទៅនឹងក្រុមគ្រួសារ   គេហដ្ឋាន   ចំណាត់ការផ្ទះ   សម្លៀកបំពាក់   ចំណីអាហារ   ​រូបរាងកាយនិងការវិវត្ត  អនាម័យសុខភាព  ។    បន្ថែមទៀតសិស្សអាចយល់ដឹងពីតួនាទី   និងសារៈសំខាន់នៃមេគ្រួសារ  និងគ្រួសារ   ពីសុភមង្គលក្នុងគ្រួសារព្រមទាំងអាចអភិវឌ្ឍបំនិនចាំបាច់  ឥរិយាបថប្រតិបត្តិក្នុងជីវភាពរស់នៅ  និងទំនាក់ទំនងមុខរបរសមស្រប  ។

ពេលរៀនចប់កម្មវិធីសិក្សាគេហវិទ្យា  សិស្សមាន  ៖
១. ចំណេះដឹង

  • យល់ដឹងពីកត្តាទាំងឡាយដែលជម្រុញឲ្យគ្រួសាររស់នៅប្រកបដោយសុភមង្គល
  • យល់ដឹងពីការលូតលាស់នៃរូបរាងកាយរបស់មនុស្សពីដំណាក់កាលមួយទៅដំណាក់កាលមួយ
  • យល់ដឹងពីមុខងារនៃអាហារ និងចេះប្រើប្រាស់អាហារទៅតាម  របបកម្រិត
  • យល់ដឹងពីទំនៀមទម្លាប់ខ្មែរ
  • យល់ដឹងពីការជ្រើសរើសសម្លៀកបំពាក់ ការស្លៀកពាក់  និងការគ្រប់គ្រង  ។

 ២. បំនិន                                   

  • រៀបចំខ្លួនប្រាណ អាកប្បកិរិយាឲ្យសមជាកូនខ្មែរ   ជាអនាគតអ្នកដឹកនាំគ្រួសារល្អ  មេផ្ទះល្អ   មាតាបិតាល្អ
  • រៀបចំលំនៅស្ថានឲ្យមានសណ្ដាប់ធ្នាប់ និងប្រកបដោយសោភណភាព
  • ជ្រើសរើសមុខម្ហូប ធ្វើម្ហូបអាហារប្រកបដោយរុក្ខជាតិ   និងសន្សំសំចៃ
  • ថែសំអាតរូបរាងកាយប្រកបដោយអនាម័យត្រឹមត្រូវ
  • បង្កបង្កើនផលដើម្បីលើកស្ទួយជីវភាពគ្រួសារ ក្នុងលក្ខណៈជាសិប្បកម្មគ្រួសារ  ឬពលកម្មគ្រួសារ  ។

៣. ឥរិយាបថ

  • មានឥរិយាបថសមរម្យជាពលរដ្ឋល្អ ភរិយា-ស្វាមីល្អ
  • រាក់ទាក់រួសរាយក្នុងរង្វង់គ្រួសារ ក៏ដូចជា   ជាមួយញាតិមិត្តជិតឆ្ងាយ
  • ទទួលខុសត្រូវចំពោះ សុខុមាលភាពគ្រួសារ  ។

ខ.ខ្លឹមសារសំខាន់ៗ   នៃកម្មវិធីសិក្សា

  • ជីវភាពគ្រួសារ និងចំណាត់ការផ្ទះ
  • ចំណីអាហារ និងការចិញ្ចឹម
  • សម្លៀកបំពាក់ និងការកាត់   ដេរ   ប៉ាក់
  • អប់រំសុខភាព
  • របៀបតុបតែង រចនា  ។

១.  ជីវភាពគ្រួសារ   និងចំណាត់ការផ្ទះ

  • គ្រួសារ
  • សុភមង្គលក្នុងគ្រួសារ
  • ស្ត្រីក្នុងសង្គមប្រជាធិបតេយ្យ
  • រូបរាងកាយរបស់អ្នក
  • ការវិវត្តនៃរូបរាងកាយ
  • លំនៅស្ថាន
  • ការយកចិត្តទុកដាក់ចំពោះលំនៅស្ថាន
  • ភាពគ្មានគ្រោះថ្នាក់ក្នុងផ្ទះ
  • សង្គ្រោះបន្ទាន់ ។

២. ចំណីអាហារ   និងការចិញ្ចឹម

  • ចំណីអាហារសម្រាប់សុខភាព
  • សាច់ ស៊ុត  ត្រី
  • បន្លែ
  • វិធីដាំស្ល ។

៣. សម្លៀកបំពាក់

  • ប្រវត្តិ និងលក្ខណៈសម្លៀកបំពាក់ខ្មែរ
  • សម្លៀកបំពាក់ និងរូបកាយ
  • របៀបជ្រើសរើសក្រណាត់សំពត់
  • របៀបថែរក្សា គ្រប់គ្រង  សម្លៀកបំពាក់
  • ប្រដាប់ប្រដាជាគោលសម្រាប់អាជីវកម្ម កាត់ដេរ
  • ថ្នេរគោល
  • ការកាត់ដេរ ប៉ាក់   ។

៤. អប់រំសុខភាព

  • វត្ថុបំណងក្នុងការអប់រំសុខភាព
  • សុខភាព និងជំងឺ
  • បរិស្ថាន និងសុខភាព   ។

៥. របៀបតុបតែងរចនា

  • វត្ថុបំណងក្នុងការតុបតែង រចនា
  • រចនាសម្ភារៈសម្រាប់ពិធីបុណ្យប្រពៃណីផ្សេងៗ របស់ប្រជាជនកម្ពុជា  និងពិធីផ្សេងៗ  ទៀត
  • ធ្វើល្បែងកុមារ …  ។

គ. វិធីបង្រៀន
ក្នុងការបង្រៀនប្រធានបទនីមួយៗ  ចាំបាច់ពិចារណាលើចំនុចខាងក្រោម ៖
១. ត្រូវបែងចែកសិស្សជាក្រុមតាមចំណង់ចំណូលចិត្ត   និងតាមលទ្ធភាព   ។
២. ត្រូវចេះប្រើបំនិនរបស់ក្រុមនីមួយៗ  ។
៣. ត្រូវចេះសម្របសម្រួលទៅតាមក្រុមនីមួយៗ  ។
៤. ត្រូវចេះប្រើពេលវេលាជាងពាក់កណ្ដាល  នៃម៉ោងសិក្សាគេហវិទ្យាសម្រាប់ពិសោធ  ធ្វើទស្សនកិច្ចសិក្សា  និងអនុវត្ត  ។
៥. ត្រូវផ្ដោតទៅលើការគ្រប់គ្រងសម្ភារៈផ្សេងៗ  ប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលនឹងកើតមាន   ធានាសុវត្ថិភាព និងអនាម័យ  ។
៦. ត្រូវបង្កលក្ខណៈឲ្យមានការអនុវត្តជាក់ស្ដែង   និងដោយផ្ទាល់ ៖

  • ​ក្នុងការគ្រប់គ្រងផ្ទះសម្បែងក្នុងជីវភាពរស់នៅ ចាំបាច់ត្រូវអនុវត្តជាក់ស្ដែងក្នុងទីកន្លែងស្នាក់នៅ  ដើម្បីឲ្យមានប្រសិទ្ធភាព  ។
  • ក្នុងការធ្វើម្ហូបអាហារ ចាំបាច់ត្រូវមានសម្ភារៈផ្ទះបាយគ្រប់គ្រាន់នៅក្នុងសាលារៀន  ដើម្បីអនុវត្តជាក់ស្ដែងដោយផ្ទាល់   ។

គ.  “ពិសោធន៍អំពីជីវិត” និង “ ស្មារតី តំលៃ និង​ ឥរិយាបថ   ”
សមាសភាគ  “ ពិសោធន៍អំពីជីវិត ”  អប់រំអំពីលំនាំដោះស្រាយបញ្ហាសង្គម  និងបញ្ហាជីវិតប្រចាំថ្ងៃដោយសង្កត់លើបំនិនខាងលំនាំវិទ្យាសាស្ត្រ  ដើម្បីធ្វើឲ្យជីវិតល្អប្រសើរឡើង  ។  សមាសភាគនេះរួមមានមុខវិជ្ជា  វិទ្យាសាស្ត្រ ( ក្នុងនោះមាន  រូបវិទ្យា-គីមី  ជីវវិទ្យា  និងផែនដីវិទ្យា )  និងសិក្សាសង្គម  ( ក្នុងនោះមាន  ប្រវត្តិ-ភូមិវិទ្យា )  ។ ឯសមាសភាគ  “  ស្មារតី  តម្លៃ  និងឥរិយាបថ  ”  អប់រំអំពីតម្លៃថ្លៃថ្នូររបស់មនុស្ស  ដែលសង្គមកម្ពុជាទទួលស្គាល់   និងប្រាថ្នាចង់បាន   ហើយធ្វើឲ្យសិស្សយល់ដឹង   និងប្រតិបត្តិ  ដោយផ្ទាល់   និងដោយប្រយោល  ។  តម្លៃទាំងនេះចេញមកពីព្រះពុទ្ធសាសនា  ទំនៀមទម្លាប់ប្រពៃណីល្អៗ  នៃប្រជាជនកម្ពុជា  ដែលមានពីយូរលង់ណាស់មកហើយ ។  ទន្ទឹមនឹងនេះក៏មានការអប់រំទាក់ទងនឹងច្បាប់ផ្សេងៗ  របស់ព្រះរាជាណាចក្រកម្ពុជា  សិទ្ធិមនុស្ស  ប្រជាធិបតេយ្យ  សន្តិសុខ  ចរាចរណ៍ជាដើមបន្ថែមទៀត  ។   សមាសភាគនេះមានតែមុខវិជ្ជារងមួយនៃសិក្សាសង្គម  ​ គឺសីលធម៌-ពលរដ្ឋវិជ្ជា ។ សមាសភាគទាំងពីរនេះកើតឡើងរួមគ្នាដោយមុខវិជ្ជាតែពីរប៉ុណ្ណោះ   គឺវិទ្យាសាស្ត្រ   និងសិក្សាសង្គម   ។

វិទ្យាសាស្ត្រ
ក. វត្ថុបំណង
ការសិក្សាវិទ្យាសាស្ត្រនៅមធ្យមសិក្សាបឋមភូមិ   មានវត្ថុបំណងអភិវឌ្ឍសមត្ថភាព   និងឥរិយាបថរបស់សិស្សឲ្យចេះស្វែងយល់ពីអត្ថិភាពធម្មជាតិ   តាមរយៈការសង្កេត   និងការពិសោធ   ដើម្បីបង្កើនការយល់ដឹងអំពីវត្ថុធម្មជាតិ   និងបាតុភូតនានា   ។   ការធ្វើដូចនេះនាំសិស្សឲ្យយល់ដឹងអំពីទំនាក់ទំនងរវាងធម្មជាតិនិងមនុស្ស   ហើយមានស្មារតីនិងទឹកចិត្តស្រលាញ់ធម្មជាតិ   និង   ចេះការពារបរិស្ថាន   ។
ការសិក្សាវិទ្យាសាស្ត្រនៅមធ្យមសិក្សាបឋមភូមិ   មានបំណងបណ្ដុះបណ្ដាល   ៖
១. ចំណេះដឹង
មុខវិជ្ជាវិទ្យាសាស្ត្រនៅមធ្យមសិក្សាបឋមភូមិ    ជួយសិស្សឲ្យ   ៖

  • ចេះសង្កេត ពិសោធ   និងបកស្រាយបាតុភូតធម្មជាតិ   បាតុភូតជីវសាស្ត្រ   បាតុភូតផែនដី   ​ស្របតាម  បច្ចេកវិទ្យា   ពិភពលោក    និងតម្រូវការសង្គម
  • ចេះបញ្ជាក់ពីបញ្ញត្តិគ្រឹះ និងផលប្រយោជន៍វិទ្យាសាស្ត្រ
  • ចេះឆ្ងល់ តាមដាន   ដោះស្រាយភាពជាក់ស្ដែងស្របតាមទ្រឹស្ដីដែលទាក់ទងនឹងធម្មជាតិ    ជាពិសេសបណ្ដុះគំនិតការពារបរិស្ថាន   ក្នុងគោលដៅធានាលំនឹងធម្មជាតិ
  • ចេះថែរក្សាការពារ និងប្រើប្រាស់សមស្របនូវធនធានធម្មជាតិ   ដែលមានរួចមកហើយនៅក្នុង ទឹក  ដី  លើអាកាស
  • ចេះរៀបចំខ្លួនបន្តការសិក្សាវិទ្យាសាស្ត្រនៅមធ្យមសិក្សាទុតិយភូមិទៀត ។

២. បំនិន
ទន្ទឹមនឹងចំណេះដឹងខាងលើ  សិស្សមានបំនិនអាច   ៖

  • ពិចារណា វិនិច្ឆ័យដោះស្រាយរាល់បាតុភូតទាំងឡាយប្រកបដោយលក្ខ​ណវិទ្យាសាស្ត្រ
  • យកចំណេះដឹងតាមទ្រឹស្ដីវិទ្យាសាស្ត្រ ទៅអនុវត្តក្នុងជីវភាពប្រចាំថ្ងៃ
  • លើកកម្ពស់ការថែរក្សាអនាម័យផ្ទាល់ខ្លួន សាធារណៈ  ព្រមទាំងធ្វើឲ្យមានការយកចិត្តទុកដាក់  ថែរក្សាបរិស្ថាន  ដើម្បីធានាសុខភាពប្រជាពលរដ្ឋ   និងសុវត្ថិភាពសង្គម
  • ប្រើប្រាស់បញ្ញត្តិគ្រឹះនៃទ្រឹស្ដី អនុវត្តលើសម្ភារៈបច្ចេកទេសសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ   ។

៣. ឥរិយាបថ ជាមួយនឹងចំណេះដឹង   និងបំនិនខាងលើ  សិស្សអាចក្លាយទៅជាមនុស្សចេះ  ៖

  • ស្រលាញ់មុខវិជ្ជាវិទ្យាសាស្ត្របច្ចេកទេស និងភាពពិតប្រាកដ
  • ស្រលាញ់ធម្មជាតិ និងចេះការពារបរិស្ថាន
  • យល់ដឹងពីទំនាក់ទំនងរវាងធម្មជាតិ និងភាវៈរស់
  • យល់ដឹងពីការអនុវត្តយ៉ាងត្រឹមត្រូវនៃវិទ្យាសាស្ត្របច្ចេកវិទ្យាដោយឈរលើស្មារតីសីលធម៌ មនុស្សធម៌
  • ប្រើប្រាស់ធនធានធម្មជាតិ ដោយមធ្យោបាយសមស្រប   ។

ខ. ខ្លឹមសារសំខាន់ៗ   នៃកម្មវិធីសិក្សា
វិទ្យាសាស្ត្រនៅមធ្យមសិក្សាបឋមភូមិចែកជា   ៖

  • រូបវិទ្យា
  • គីមីវិទ្យា
  • ជីវវិទ្យា
  • ផែនដីវិទ្យា ។

១. រូបវិទ្យា
១.១. រង្វាស់ខ្នាត
–  ចេះប្រើខ្នាត   និងសម្ភារៈសំខាន់ៗ   សម្រាប់វាស់ប្រវែង  ពេល  ផ្ទៃ  មាឌ  ទំងន់   សីតុណ្ហភាព    ។

១.២. ចលនាត្រង់  កម្លាំង   ថាមពល   កម្មន្ត   កំដៅ

  • ស្គាល់បញ្ញត្តិគ្រឹះនៃចំងាយចរ ល្បឿន   សំទុះ
  • ស្គាល់កំណកំណើតនៃកម្លាំង ច្បាប់ញូតុន   ម៉ូម៉ង់នៃកម្លាំង
  • បញ្ជាក់ពីប្រភព ប្រភេទ   និងបម្រែបម្រួលថាមពល
  • បង្ហាញពីការរីកនៃអង្គធាតុរឹង រាវ  និងឧស្ម័ន     និងការអនុវត្តរបស់វា   ព្រមទាំងស្គាល់ចំនុចរលាយ   រំពុះ   កំណក   រំហួតនៃអង្គធាតុ    ។

១.៣. លក្ខណៈគ្រឹះ   និងរូបមន្តសំខាន់ៗ

  • ស្គាល់ពីសញ្ញាណនៃបន្ទុកអគ្គិសនី ប៉ូតង់ស្យែល   ចរន្តអគ្គិសនី   សៀគ្វីអគ្គិសនី   ច្បាប់អូម   សៀគ្វីត ជាស៊េរី   ជាខ្នែង   បំលែងថាមពលអគ្គិសនីជាថាមពលពន្លឺ   មេកានិច   កំដៅ   ម៉ាញេទិច
  • ស្គាល់ម៉ាស៊ីនងាយ ដូចជារ៉ក   ឃ្នាស់   ត្រឺយ   និងការអនុវត្តគោលការណ៍របស់វាក្នុងជីវភាពប្រចាំថ្ងៃ
  • និយមន័យ និងច្បាប់បរិមាណចលនា
  • យល់ដឹងពីសន្ទនីយ៍ និងសម្ភាធ   ។

១.៤. ម៉ាញេទិច   អុបទិចធរណីមាត្រ  អេឡិចត្រូស្តាទិច  អេឡិចត្រូម៉ាញេទិច  សូរ  លំយោល   រលក  កំដៅ

  • យល់ដឹងពីដំណាលត្រង់នៃពន្លឺ ចំណាំងផ្លាត   ចំណាំងបែរ   ឡង់ទីបង្រួម  ឡង់ទីពង្រីក  កែវពង្រីក   ម៉ាស៊ីនថត
  • ស្គាល់ប្រភពសូរ ប្រេកង់   អំព្លីទុក  ល្បឿនសូរក្នុងខ្យល់
  • ស្គាល់ពីការរីកនៃអង្គធាតុ ចំនុចរំពុះទឹក   ចំនុចកំណកទឹក  លក្ខណៈចម្លងកំដៅ
  • ស្គាល់ពីដែនម៉ាញេទិច អាំងតង់ស៊ីតេ   ដែនម៉ាញេទិច ​ ចរន្តអាំងឌុចស្យុង  ទិសដៅចរន្តអាំងឌុចស្យុង  ច្បាប់ឡិន
  • ស្គាល់រលកបណ្ដោយ រលកទទឹង  ជំហានរលក   ប្រកង់   អំព្លីទុត   ។

២. គីមីវិទ្យា
២.១. រង្វាស់ខ្នាត

  • ចេះប្រើខ្នាត និងសម្ភារៈសម្រាប់វាស់ប្រវែង   ម៉ាស មាឌ   សីតុណ្ហភាព   ម៉ាសមាឌ   និងសំពាធ    ។

២.២. លក្ខ​ណៈ    និងចំណាត់ថ្នាក់នៃរូបធាតុ

  • ស្គាល់លក្ខណៈនៃរូបធាតុ និងបម្រើបម្រាស់នៃរូបធាតុ
  • ចេះប្រៀបធៀបលក្ខណៈខុសគ្នានៃរូបធាតុ ព្រមទាំងបែងចែកសម្ភារៈធម្មជាតិ ​ និងសម្ភារៈសិប្បនិម្មិត   ។

២.៣. អន្តរកម្ម   និងវិធីញែកល្បាយ

-​  យល់ដឹងពី    បំលែងនៃអង្គធាតុក្រោមអំពើនៃកំដៅ   ពន្លឺ   ល្បាយ   និងវិធីញែកល្បាយ   ។

២.៤.  អាតូម-ម៉ូលេគុល

– ចេះបែងចែក   និងស្គាល់ពីអាតូម   ម៉ូលេគុល   ព្រមទាំងនិមិត្តសញ្ញា   នៃរូបមន្តគីមី  ។

២.៥. ធាតុ  ល្បាយ  អង្គធាតុសមាស  ខ្យល់  ទឹក  អាស៊ីត   បាស

  • ស្គាល់និយមន័យធាតុ សមាសធាតុ    ល្បាយ   និងធាតុ១០ដំបូងនៃលោហៈ   និងអលោហៈ
  • យល់ដឹងពីសមាសធាតុខ្យល់ ទឹក   អាស៊ីត   បាស  និងបម្រើបម្រាស់វា
  • ស្គាល់ពីផលវិបាករបស់វាទៅលើមនុស្ស និងបរិស្ថាន  ។

៣. ជីវវិទ្យា
៣.១. វិធីសិក្សាវិទ្យាសាស្ត្រ

  • ស្គាល់និយមន័យនៃវិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រនៃជីវិត
  • ចេះប្រើប្រាស់រង្វាស់ផ្សេងៗ ។

៣.២. រូបរាងផ្សេងៗ  នៃជីវិត
–  ​​   ស្គាល់ពីភាវៈរស់   និងភាវៈគ្មានជីវិត   ព្រមទាំងភាវៈខុសគ្នាទាំងរូបរាង   ទាំងទីកន្លែងរស់នៅ
–      ចេះធ្វើចំណែកថ្នាក់រុក្ខជាតិ   សត្វ   និងស្គាល់ពីសារពាង្គកាយតូចៗ    ដែលអាចបង្កជំងឺដល់មនុស្ស   សត្វ   និងរុក្ខជាតិ   ។

៣.៣.  លំនាំជីវិត  និងអេកូឡូស៊ី

  • ស្គាល់ពីទម្រង់ ផ្នែកផ្សេងៗនៃកោសិកា  និងយល់ដឹងថា​  ភាវៈរស់ទាំងឡាយត្រូវការការចិញ្ចឹម​ ​ ​ដំណឹកនាំ   និងការបន្តពូជ
  • យល់ដឹងពីអន្តរអំពើរវាងភាវៈរស់ និងភាវៈគ្មានជីវិត   ព្រមទាំងពីទំនាក់ទំនងរវាងប្រភេទសារពាង្គកាយ          ផ្សេងៗ   ។

៣.៤. ជីវវិទ្យាមនុស្ស

  • ស្គាល់ពីសរីរាង្គសំខាន់ៗក្នុងខ្លួនមនុស្ស ដូចជាប្រព័ន្ធសាច់ដុំ  ប្រដាប់រំលាយអាហារ   ប្រដាប់របត់ឈាម   ប្រដាប់ដង្ហើម   ប្រព័ន្ធប្រសាទ   ប្រព័ន្ធអង់ដូគ្រីន   ប្រដាប់បន្តពូជ  និងមុខងាររបស់សរីរាង្គនីមួយៗ
  • ស្គាល់ពីជំងឺឆ្លង ជំងឺតពូជ   ជំងឺអេដស៍
  • ស្គាល់ពីគ្រឿងញៀន និងផលវិបាករបស់វា  ។

៤. ផែនដីវិទ្យា

៤.១. របកគំហើញនៃផែនដីវិទ្យា  តារានិករ  កាឡាក់ស៊ី   ប្រព័ន្ធព្រះអាទិត្យ

  • ស្គាល់ឧបករណ៍ផែនដី
  • ស្គាល់ពីកំណកំណើត និងការបាត់បង់នៃក្រុមតារា  និងលក្ខណពិសេសនៃតារា
  • ស្គាល់ពីប្រព័ន្ធព្រះអាទិត្យ ចលនារបស់ភព  អាចម៍ផ្កាយ  ផ្កាយដុះកន្ទុយ  ។

៤.២. ផែនី   ព្រះច័ន្ទ  រ៉ែ   សិលា
–     ស្គាល់ពីភពផែនដី   និងព្រះច័ន្ទ

  • ស្គាល់និយមន័យរ៉ែ និងបម្រើបម្រាស់រ៉ែ
  • ស្គាល់ពីកំណកំណើតសិលា ភ្នំភ្លើង    ។

៤.៣. ទម្រង់ក្នុងស្នូលផែនដី  លើផ្ទៃដី   ទឹកសាប  មហាសាគរ

  • ស្គាល់ស្នូលផែនដី ម៉ង់តូ   សំបកផែនដី
  • ស្គាល់ទ្វីប និងចេះសង់ផែនទីលើផ្ទៃដែនដី
  • ស្គាល់ប្រភពទឹកសាប លើផ្ទៃដែនដី  ​និងក្នុងជម្រៅផែនដី
  • ស្គាល់ពីមហាសាគរនៃពិភពលោក លក្ខណៈនៃទឹកសមុទ្រ   និងចលនានៃមហាសាគរ   ។

៤.៤.  បរិស្ថាន
គ. វិធីបង្រៀន

  • ក្នុងការបង្រៀនវិទ្យាសាស្ត្រ គ្រូមានតួនាទីជាអ្នកសម្របសម្រួល  ជាអ្នកណែនាំ   និងបង្កលក្ខណៈងាយស្រួលដល់ការសិក្សារបស់សិស្ស
  • គ្រូត្រូវប្រើសម្ភារៈឧបទេស ផ្ដល់បទពិសោធ   ដើម្បីឲ្យសិស្សងាយស្រួលស្រូបចំណេះដឹងផ្នែកវិទ្យាសាស្ត្រ
  • គ្រូត្រូវបង្រៀនទៅតាមសមត្ថភាព និងវ័យរបស់សិស្ស
  • គ្រូត្រូវបង្កលក្ខណៈឲ្យសិស្ស អាចធ្វើទស្សនកិច្ចសិក្សា  ឬចែកសិស្សជាក្រុមតូចៗ  ដើម្បីស្រាវជ្រាវ   និងអាចរៀនពីគ្នាទៅវិញទៅមក
  • គ្រូបង្កឲ្យមានវេទិកាសំនួរចម្លើយ បំផុសឲ្យសិស្សអាចឆ្លើយដោយខ្លួនឯង  ហើយគ្រូបំពេញបន្ថែម
  • គ្រូធ្វើពិសោធន៍ ឲ្យសិស្សលើកចម្ងល់   ឲ្យសិស្សពិចារណា   ប្រើវិធីឲ្យសិស្សចេះចាប់អារម្មណ៍  អាចយកចំណេះដឹងនេះទៅអនុវត្តជាក់ស្ដែងក្នុងជីវភាពប្រចាំថ្ងៃ    និងអាចបន្តការសិក្សាទៅថ្នាក់លើ    ។

២. សិក្សាសង្គម
វត្ថុបំណងរួមនៃសិក្សាសង្គម   នៅមធ្យមសិក្សាបឋមភូមិ  គឺជួយសិស្សឲ្យមានពុទ្ធិជាមូលដ្ឋាន ​  អំពីទិដ្ឋភាពទូទៅនៃសង្គមសេដ្ឋកិច្ច   ដើម្បីរស់នៅជាពលរដ្ឋល្អ   ស្រលាញ់ជាតិ  សាសនា   ព្រះមហាក្សត្រ  ស្រលាញ់មនុស្សជាតិ  និងភពផែនដីយើង   ហើយយកចំណេះដឹងមកប្រើ   ដើម្បីអភិវឌ្ឍសង្គម   ឲ្យរីកចម្រើនជាលំដាប់។ សិក្សាសង្គមចែកជា   ប្រវត្តិវិទ្យា  ​ភូមិវិទ្យា   និងសីលធម៌-ពលរដ្ឋវិជ្ជា   ។

ប្រវត្តិវិទ្យា

ក. វត្ថុបំណង
វត្ថុបំណងនៃការបង្រៀនប្រវត្តិវិទ្យានៅមធ្យមសិក្សាបឋមភូមិ    គឺបណ្ដុះស្មារតីស្នេហាជាតិ  ចេះអត់ឱនរវាងគ្នានិងគ្នា   ធ្វើឲ្យសិស្សនឹកឃើញ   ពីភាពរុងរឿងនៃសម័យមុន   ពីការវិវត្តនៃសង្គម  ដឹងភាពខុសគ្នានៃសង្គម   ។  សិស្សអាចចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិ   ចេះវិភាគព្រឹត្តិការណ៍​   ចេះទិតៀន  និងអាចចូលរួមមតិក្នុងការដោះស្រាយបញ្ហាសង្គម   ។
រៀនចប់មធ្យមសិក្សាបឋមភូមិ   សិស្សអាចមាន  ៖
១.​ ចំណេះដឹង
សិស្សយល់ដឹងពីការវិវត្ត   បញ្ហា  សមិទ្ធផល   គំនិត    និងព្រឹត្តិការណ៍ក្នុងអតីតកាលដែលជះឥទ្ធិពលមកដល់បច្ចុប្បន្នកាល  ។  សិស្សមានចំណេះដឹងអំពីអតីតកាលរបស់ប្រទេស   គឺសិក្សាពីការវិវត្តនៃសង្គមមនុស្ស  អំពីចិត្តគំនិត   និងព្រឹត្តិការណ៍នៅក្នុងអតីតកាល   ដើម្បីចាត់ចែងបច្ចុប្បន្នកាល    និងរៀបចំអនាគតកាល   ។

២. បំនិន :​   សិស្សអាចទទួលបាននូវវិធី   ៖

  • សន្និដ្ឋានលើការប្រែប្រួលរបស់សង្គម
  • វិភាគលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
  • ផ្ដល់ព័ត៌មានអំពីប្រវត្តិទីតាំងភូមិសាស្ត្រនៃប្រទេសកម្ពុជា តំបន់   និងសកលលោក
  • បង្ហាញអត្តសញ្ញាណជាតិរបស់ខ្លួន
  • ប្រើប្រាស់មេរៀនប្រវត្តិសាស្ត្រ ក្នុងការចាត់ចែងបច្ចុប្បន្នកាលដើម្បីរៀបចំអនាគតកាល   ។

៣. ឥរិយាបថ  :  សិស្សអាចមាន   ៖

  • ស្មារតីគោរព និងលើកតម្កើង   វប្បធម៌   អរិយធម៌ជាតិខ្លួន   និងអន្តរជាតិ
  • ស្មារតីសាមគ្គីភាព និងសេចក្ដីក្លាហានហ៊ានលះបង់ដើម្បីជាតិ
  • ស្មារតីបន្តវេនពីវីរបុរសក្នុងអតីកាល
  • ស្មារតីទទួលខុសត្រូវចំពោះអំពើរបស់ខ្លួន ។

ខ. ខ្លឹមសារសំខាន់ៗ   នៃកម្មវិធិសិក្សា
នៅមធ្យមសិក្សាបឋមភូមិ  សិស្សរៀនអំពីស្ថានភាពសង្គម   សេដ្ឋកិច្ច   នយោបាយរបស់ប្រទេសកម្ពុជា   ​ប្រទេសក្នុងតំបន់   និងប្រទេសក្នុងសកលលោកមួយចំនួនតាំងពីសម័យបុរេប្រវត្តិ   រហូតដល់សហសម័យ  ។    ក្នុងមេរៀនប្រវត្តិវិទ្យា   ត្រូវបញ្ចូលការអប់រំប្រជាករ    ដូចជា  ៖

  • ទំនាក់ទំនងរវាងបុគ្គលនិងបុគ្គល ប្រទេសនិងប្រទេស   ក្នុងការបណ្ដុះស្មារតីពលីកម្មដើម្បីប្រទេសជាតិ   និងមនុស្សជាតិ   ។
  • ទំនាក់ទំនងរវាងសហគមន៍និងសហគមន៍ ក្នុងប្រទេស  និងក្រៅប្រទេស  ក្នុងការបណ្ដុះស្មារតីមនុស្សជាតិ   ដើម្បីលើកតម្លៃវប្បធម៌  និងអរិយធម៌   ។
  • ការស្វែងយល់ពីអតីតកាល ដឹងមូលហេតុ   និងផលវិបាកនៃសង្គ្រាម   ស្គាល់គុណប្រយោជន៍នៃសន្តិភាព   និងស្គាល់ជីវភាពរបស់ប្រជារាស្ត្រ  ក្នុងសម័យកាលនីមួយៗ   ។
  • ស្វែងយល់សិទ្ធិមនុស្ស ដើម្បីសន្តិភាព   និងផ្សះផ្សាជាតិ  ( ស្គាល់សិទ្ធិមនុស្ស   សិទ្ធិនារី​  សិទ្ធិកុមារ   និងការរំលោភសិទ្ធិមនុស្ស  )   ។
  • ស្វែងយល់សេដ្ឋកិច្ចសង្គម និងស្គាល់ករណីយកិច្ចរបស់ប្រជាពលរដ្ឋ   ក្នុងការកសាងជាតិ   និងការពារជាតិ   ។

ខ្លឹមសារកម្មវិធីសិក្សាមាន  ៖
១.  និយមន័យនៃពាក្យប្រវត្តិវិទ្យា   បង្កលក្ខណៈឲ្យសិស្ស  ៖

  • ចេះប្រើឯកសារ ប្រវត្តិវិទ្យា
  • ចេះធ្វើការទិតៀន ប្រវត្តិវិទ្យា
  • យល់ដឹងអំពីផលប្រយោជន៍ នៃប្រវត្តិវិទ្យា   ។

២. កាលប្រវត្តិបង្កលក្ខណៈឲ្យសិស្ស 
–       ស្គាល់និយមន័យនៃពាក្យ
–      ដឹងអំពីរបៀបចែកកាល   សករាជ   និងរង្វាស់ពេល  ។

៣. បុរេប្រវត្តិ   សិស្សរៀនអំពី

  • លក្ខណៈទូទៅ
  • អរិយធម៌ ក្នុងយុគថ្មបំបែក   ថ្មរំលីង  និងយុកលោហៈ
  • របៀបសន្និដ្ឋាន ។

៤. ប្រវត្តិសាស្ត្រសកលលោក   ​សិស្សរៀនអំពី   ៖

  • ប្រទេសអេហ្ស៊ីប បុរាណ
  • ជនជាតិហេប្រី
  • តំបន់មេសូប៉ូតាមី
  • អាណាចក្រពែក
  • ប្រទេសក្រិច
  • ជនជាតិរ៉ូម សម័យបុរាណ
  • ប្រទេសឥណ្ឌា សម័យបុរាណ
  • អរិយធម៌ឥណ្ឌា (  សង្គម​   សាសនា   សម័យវេទនិយម  )
  • ឥណ្ឌា ចន្លោះសម័យវេទនិយម   និងពុទ្ធនិយម
  • ប្រទេសចិន សម័យបុរាណ
  • ទស្សនៈចិន សម័យបុរាណ  ( លទ្ធិខុងជឺ  និងលទ្ធិតាវ  )
  • សកលលោកនៅមជ្ឈឹមសម័យ
  • ប្រទេសអង់គ្លេស បារាំង  អាមេរិចនៅសតវត្សទី ១៨-១៩-២០
  • ការវិវត្ត នៃវិទ្យាសាស្ត្រ   និងបច្ចេកទេស  ។

៥. ប្រវត្តិសាស្ត្រ  តំបន់  សិស្សរៀនអំពី  ៖

  • ប្រទេស វៀតណាម  ថៃ  ឡាវ  ។

៦. ប្រវត្តិសាស្ត្រកម្ពុជា  សិស្សរៀនអំពី  ៖

  • បុរេប្រវត្តិប្រទេសកម្ពុជា ( ​រៀនអំពីតឹកតាង  ដែលរកឃើញតាមស្ថានីយបុរេប្រវត្តិប្រទេសកម្ពុជា )
  • ប្រទេសកម្ពុជាមុនសម័យអង្គរ ៖  កំណើតនគរភ្នំ (ហ្វូណន)  រាជវង្សនគរភ្នំ   ការគ្រប់គ្រងប្រទេស  ជីវភាពរស់នៅរបស់ប្រជាជន  វប្បធម៌   ជំនឿ  សាសនា  ការបែកបាក់   ការឈ្លានពានរបស់ពួកជ្វា  ការតស៊ូរំដោះចេនឡា
  • ប្រទេសកម្ពុជា សម័យអង្គរ  ( ចាប់ពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ដល់រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ) :  ការកសាងក្រុងអង្គរ   សង្គ្រាម  សមិទ្ធផល  រជ្ជកាលមហាក្សត្រល្បីៗ  សាសនា  ជំនឿទំនៀមទម្លាប់
  • ប្រទេសកម្ពុជា សម័យក្រោយអង្គរ :  ការកសាងរាជធានីនៅចតុមុខ  ទំនាស់ក្នុងរាជវង្ស  ការបាត់បង់ទឹកដី
  • ប្រទេសកម្ពុជា សម័យលង្វែក : ចំបាំងរវាងខ្មែរ   និងសៀម  អន្តរាគមន៍ជនជាតិអឺរ៉ុប  ទំនាក់ទំនងជាមួយក្រុងរ៉េ
  • ប្រទេសកម្ពុជាសម័យឧដុង្គ
  • ប្រទេសកម្ពុជា សម័យអាណានិគមបារាំង  មូលហេតុការដាក់អាណានិគម   ព្រឹត្តិការណ៍នានា   និងបូជនីយកិច្ចដើម្បីទាមទារឯករាជ្យ  ។

គ. វិធីបង្រៀន
អាស្រ័យទៅតាមមេរៀនត្រូវជ្រើសរើសវិធីសមស្រប។  វិធីទាំងនេះមាន  ៖

  • ឧទ្ទេស
  • សោតទស្សន៍
  • និទានរឿង
  • ពិចារណា

​មេរៀនប្រវត្តិវិទ្យា  ជាមេរៀនអំពីអតីតកាល  ដូចនេះ  ការបង្រៀន   មានការលំបាកក្នុងការធ្វើរូបីកម្មមេរៀន   ក៏ប៉ុន្តែ    យើងអាចទាក់ទាញអារម្មណ៍សិស្សឲ្យចងចាំបានងាយដោយសារ  ៖

  • បង្កលក្ខណៈឲ្យសិស្ស ចូលរួមយ៉ាងសកម្មក្នុងការតែងបង្រៀន
  • ប្រើប្រាស់ផែនទីប្រវត្តិសាស្ត្រ ភាពយន្តឯកសារ
  • ទស្សនកិច្ចសិក្សា
  • បំផុសឲ្យសិស្សចោទជាសំនួរ និងដោះស្រាយសំនួរ
  • នាំសិស្សស្រាវជ្រាវ និងកសាងឯកសារ   ។

ភូមិវិទ្យា

ក. វត្ថុបំណង
ភូមិវិទ្យានៅមធ្យមសិក្សាបឋមភូមិមានបំណងបណ្ដុះសិស្ស   ឲ្យមានពុទ្ធិអំពីបញ្ហាមនុស្ស   និងបរិស្ថាន   ព្រមទាំងឲ្យស្គាល់ច្បាស់   ពីមាតុភូមិរបស់ខ្លួន   និងប្រទេសដទៃទៀតក្នុងទិដ្ឋភាពធម្មជាតិ   សង្គម  និងសេដ្ឋកិច្ច   ហើយយកចំណេះដឹងទាំងនេះធ្វើជាទុនសម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិ   ក្នុងចរន្តសេដ្ឋកិច្ចនយោបាយនៃពិភពលោកបច្ចុប្បន្ន   ។ នៅពេលរៀនចប់មធ្យមសិក្សាបឋមភូមិសិស្ស  ៖

  • យល់ដឹងអំពីប្រទេសយើង និងមជ្ឈដ្ឋានធម្មជាតិនានានៅលើភពផែនដី
  • យល់ដឹងអំពីលក្ខណៈទូទៅនៃទ្វីបយើង និងភូមិភាគខ្លះៗ   នៃទ្វីបដែលមានទំនាក់ទំនងនយោបាយ   និងសេដ្ឋកិច្ចជាមួយកម្ពុជា
  • យល់ដឹងអំពីប្រទេសយើង និងបណ្ដាប្រទេសជាសមាជិកអាស៊ាន
  • ប៉ិនប្រសប់ក្នុងការទាញយកផលប្រយោជន៍ ពីការសិក្សាភូមិវិទ្យាមកបម្រើការអភិវឌ្ឍសង្គមជាតិយើង
  • ចេះស្រលាញ់ ចេះប្រៀបធៀប   ស្រាវជ្រាវដកពិសោធន៍ពីការយល់ដឹងភូមិសាស្ត្រ  ដើម្បីបង្កើនសមត្ថភាពខ្លួនឲ្យក្លាយជាពលរដ្ឋប្រសើររបស់ប្រទេស   ។

ខ. ខ្លឹមសារសំខាន់ៗ  នៃកម្មវិធីសិក្សា

  • ប្រទេសកម្ពុជា
  • មនុស្ស ក្នុងមជ្ឈដ្ឋានក្ដៅ
  • មនុស្សក្នុងមជ្ឈដ្ឋានត្រជាក់បង្គួរ
  • មនុស្សក្នុងមជ្ឈដ្ឋានគាបសង្កត់ពីធម្មជាតិ
  • ទ្វីបអាស៊ី
  • អាស៊ីអាគ្នេយ៍
  • អាស៊ីបូព៌ា
  • អាស៊ីទក្សិណ
  • សិក្សាភូមិវិទ្យាប្រទេសកម្ពុជា
  • ប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ។

១.​ប្រទេសកម្ពុជា
–      លក្ខណៈទូទៅរបស់ប្រទេសកម្ពុជា
២. មនុស្សក្នុងមជ្ឈដ្ឋានក្ដៅ
–      មនុស្សជាង៣០០លាននាក់រស់នៅក្នុងតំបន់ត្រូពិច
–      ការរៀបចំក្នុងតំបន់ត្រូពិច
៣. មនុស្សក្នុងមជ្ឈដ្ឋានត្រជាក់បង្គួរ
-​     លក្ខណៈទូទៅ  និងការវិវត្តនៃមជ្ឈដ្ឋានត្រជាក់បង្គួរ
៤. មនុស្សក្នុងមជ្ឈដ្ឋានគាបសង្កត់ពីធម្មជាតិ
-​    ​ មនុស្សក្នុងតំបន់វាលលំហក្ដៅ
–     មនុស្សក្នុងតំបន់ប៉ូល
៥. ទ្វីបអាស៊ី : លក្ខណៈទូទៅ

៦. អាស៊ីអាគ្នេយយ៍ : លក្ខណៈទូទៅ  ប្រទេសឡាវ  ប្រទេសមីយ៉ាន់ម៉ា
៧. អាស៊ីបូព៌ា

  • លក្ខណៈទូទៅ
  • ប្រទេសចិន
  • ប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង

៨. អាស៊ីទក្សិន :  លក្ខណៈទូទៅ  ប្រទេសឥណ្ឌា
៩. សិក្សាភូមិវិទ្យាប្រទេសកម្ពុជា

  • លក្ខខ័ណ្ឌធម្មជាតិ
  • លក្ខខ័ណ្ឌសង្គម
  • សេដ្ឋកិច្ច
  • បរិស្ថាន

១០. ប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍
គ. វិធីបង្រៀន

  • ត្រូវធានាសកម្មភាពក្នុងថ្នាក់រៀន ដោយបញ្ចូលការប្រើសម្ភារៈឧបទេស  និងការពិសោធដើម្បីស្រាយបំភ្លឺរាល់បាតុភូតធម្មជាតិ   ។
  • ត្រូវប្រើផែនទី ឬរូបភាពផ្សេងៗ  ដោយពន្យល់ប្រាប់បណ្ដើរ   និងចោទសួរសិស្សបណ្ដើរ   ។
  • ត្រូវប្រើបំនិនប្រសប់ក្នុងការទាញយកភាពជាក់ស្ដែង ក្នុងធម្មជាតិដើម្បីពន្យល់សិស្ស    ។
  • ប្រើសម្ភារៈឧបទេស ដូចខាងក្រោមក្នុងការបង្រៀន  ៖
  • ផែនទី ភូគោល
  • រូបថត បញ្ចាំងរូបភាព   វីដេអូ   ខ្សែភាពយន្ត
  • រូបភាពដកស្រង់ពីសារព័ត៌មាន … ។

សីលធម៌ – ពលរដ្ឋវិជ្ជា
ក.  វត្ថុបំណង
វត្ថុបំណងនៃការអប់រំ   សីលធម៌ពលរដ្ឋវិជ្ជានៅមធ្យមសិក្សាបឋមភូមិ   គឺអប់រំឲ្យសិស្សមានស្មារតី   សុចរិត  ស្មោះត្រង់   យុត្តិធម៌   អត្តចរិតរឹងមាំ   ម៉ឺងម៉ាត់ក្នុងការងារចេះទទួលខុសត្រូវលើអំពើរបស់ខ្លួន   ចំពោះសុខុមាលភាព   ផលប្រយោជន៍របស់អ្នកដទៃ   និងរបស់ជាតិ   ។
រៀនចប់មធ្យមសិក្សាបឋមភូមិ   សិស្សអាចមាន  ៖
១. ចំណេះដឹង

  • ស្គាល់លក្ខណៈសម្បត្តិមនុស្សល្អ
  • ស្គាល់តម្លៃសំខាន់ៗ សម្រាប់សុខុមាលភាពជាតិ
  • យល់ដឹងអំពីវត្តមាននៃបញ្ហាសីលធម៌ក្នុងស្ថានភាពមួយ
  • ដឹងច្បាស់អំពីគោលការណ៍សីលធម៌ដែលទាក់ទងទៅនឹងការសម្រេចចិត្ត
  • ស្គាល់ច្បាស់ភារកិច្ច ក្នុងការចូលរួមចំណែកកសាងប្រទេសជាតិ   ។

 ២. បំនិន

  • អនុវត្តលំនាំត្រិះរិះ បញ្ហាសីលធម៌   និងការសម្រេចចិត្ត
  • ឆាប់ដឹងពីតម្រូវការរបស់អ្នកដទៃ
  • ចេះរបៀបប្រាស្រ័យជាមួយអ្នកដទៃ ដោយស្មារតីគោរព   និងទទួលខុសត្រូវ
  • បង្កើនសក្ដានុភាពរបស់ខ្លួន ។

៣. ឥរិយាបថ

  • គោរព និងរក្សាតម្លៃផ្ទាល់ខ្លួន
  • ទទួលខុសត្រូវចំពោះអំពើរបស់ខ្លួន
  • យកចិត្តទុកដាក់ចំពោះអ្នកដទៃ
  • មានសេចក្ដីក្លាហានផ្នែកសីលធម៌ ។

ខ.  ខ្លឹមសារសំខាន់ៗ   នៃកម្មវិធីសិក្សា

  • បណ្ដុះបណ្ដាលភាពរឹងមាំនៃអត្តចរិត
  • បង្កើនសក្ដានុភាពផ្ទាល់ខ្លួន
  • ថែបំប៉នទំនាក់ទំនងរវាងបុគ្គល និងបុគ្គល
  • ធានាជីវិតគ្រួសារ
  • បង្កើនស្មារតីសហគមន៍
  • លើកតម្កើងវប្បធម៌ និងសាសនា
  • បង្កើនពលិកម្មក្នុងការកសាងប្រទេសជាតិ ។

១. បណ្ដុះបណ្ដាលភាពរឹងមាំនៃអត្តចរិត
១.១.  ការស្គាល់ខ្លួនឯង
១.២.  ចេះគ្រប់គ្រងអារម្មណ៍   និងចិត្តរំភើបផ្ទាល់ខ្លួនឮ
១.៣. បំនិនក្នុងការធ្វើសេចក្ដីសម្រេចចិត្ត
១.៤.  ការវាយតម្លៃអំពើរបស់ខ្លួន   ។
២.  បង្កើនសក្ដានុភាពផ្ទាល់ខ្លួន
២.១.  ការជឿលើសមត្ថភាពរបស់ខ្លួន
២.២.  បំនិនក្នុងការតម្រង់ទិស   សកម្មភាពនៃជីវិត
២.៣.  គំរូវីរជន   និងរដ្ឋបុរសក្នុងសកលលោក
២.៤.  ស្វ័យកសាងខ្លួន   ។
៣.  ថែបំប៉នទំនាក់ទំនងបុគ្គល   និងបុគ្គល
៣.១.  ការស្គាល់ច្បាស់   កត្តាមូលដ្ឋាននៃមិត្តភាព
៣.២.  ការស្គាល់តម្លៃមតិយោបល់   និងអារម្មណ៍របស់ខ្លួនចំពោះមិត្តភាព
៣.៣.  រចនាសម្ព័ន្ធ   និងតួនាទីរបស់អាជ្ញាធរដែនដីភូមិ  ឃុំ  ស្រុក  ខេត្ត
៣.៤.  តម្លៃដែលទាក់ទងនឹងសិទ្ធិមនុស្ស
៣.៥.  តម្លៃដែលទាក់ទងនឹងប្រជាធិបតេយ្យ   ។
៤.  ធានាជីវិតក្រុមគ្រួសារ
៤.១. អភិវឌ្ឍន៍អត្តសញ្ញាណគ្រួសារ
៤.២. ការសម្ដែងឲ្យឃើញពីស្មារតីគោរពស្រលាញ់   និងយោគយល់ចំពោះក្រុមគ្រួសារ
៤.៣.  ប្រពៃណីខ្មែរ   ក្នុងការបំពេញកតញ្ញុតា   និងកតវេទិតា   ។
៥.  បង្កើនស្មារតីសហគមន៍
៥.១.  មោទនភាពក្នុងនាមជាសមាជិកនៃសហគមន៍សាលារៀន
៥.២.  ការសម្ដែងឲ្យឃើញស្មារតីយកចិត្តទុកដាក់   និងមេត្តាធម៌ចំពោះអ្នកដទៃ
៥.៣. ការងារជាក្រុម   និងសហប្រតិបត្តិការ
៥.៤.  ការឈានឡើងនៃសេដ្ឋកិច្ច   និងជីវភាពប្រជារាស្ត្រ
៥.៥.  សិក្សាក្បួនសន្តិសុខ
៥.៦.  លទ្ធិប្រជាធិបតេយ្យ    ។
៦. ការលើកតម្កើងវប្បធម៌   និងសាសនា
៦.១.  បរិស្ថាន  សិល្បៈ   វប្បធម៌
៦.២.  សិក្សាជំនឿ    និងសាសនា   ។
៧. បង្កើនពលីកម្មក្នុងការកសាងប្រទេសជាតិ
៧.១.  ការសិក្សាពីឧត្ដមគតិជាតិរបស់យើង
៧.២.  សេដ្ឋកិច្ចជាតិយើង
៧.៣.  គំរូពលីកម្មក្នុងការកសាងប្រទេសជាតិ   ពីអតីតរហូតដល់បច្ចុប្បន្ន
៧.៤.  ជាតិយើង   និងសន្តិភាពសកលលោក
៧.៥.  សិក្សាច្បាប់ផ្សេងៗ  របស់រដ្ឋ ។
៨.  សិក្សាសិទ្ធិមនុស្ស
៩.  សិក្សាច្បាប់ចរាចរណ៍    ។
គ. វិធីបង្រៀន

  • វិធីផ្ទេរវប្បធម៌ : វិធីនេះបង្ហាញច្បាស់ពីតម្លៃដែលគួរឲ្យចង់បាននៃរប្បធម៌   ហើយផ្ទេរបន្តទៅជំនាន់ក្រោយ   ។   សិស្សវិភាគក្នុងគំនិតនូវតម្លៃទាំងនោះតាមរយៈការបង្រៀនផ្ទាល់   ។   គោលបំណងនៃវិធីនេះ   គឺក្ដាប់ជាប់នូវប្រព័ន្ធមេរៀន   ហើយជួយសិស្សម្នាក់ៗ   ឲ្យសម្របខ្លួនប្រកបដោយជោគជ័យទៅនឹងមេរៀន   ទាំងនោះ    ។
  • វិធីពិចារណា :  ផ្ដោតទៅលើកត្តានៃការយកចិត្តទុកដាក់    ចំពោះអ្នកដទៃ  ។   វិធីនេះបង្រៀនសិស្សឲ្យមានសមាណចិត្ត   និងឆាប់ដឹងពីអារម្មណ៍   និងតម្រូវការរបស់អ្នកដទៃ  ។  ​វិធីនេះជួយសិស្សឲ្យ បន្ថយ  អត្តទត្ថភាព   ។  គោលបំណងសំខាន់    គឺបង្កើនការយកចិត្តទុកដាក់ចំពោះបុគ្គលិកលក្ខណៈរបស់សិស្ស   ។
  • វិធីបញ្ជាក់តម្លៃ :  វិធីនេះដឹកនាំសិស្សឲ្យទទួលស្គាល់   និងយល់ព្រមទទួលយកតម្លៃទាំងឡាយទុកជារបស់ខ្លួន    ហើយទទួលខុសត្រូវចំពោះការសម្រេចចិត្តដោយឆ្លងកាត់លំនាំដូចខាងក្រោមនេះ  ៖
  • ស្គាល់លទ្ធភាពជ្រើសរើសទាំងឡាយ
  • វាយតម្លៃលទ្ធភាពជ្រើសរើសទាំងនោះ
  • សម្រេចចិត្ត
  • អះអាងការសម្រេចចិត្តរបស់ខ្លួនដោយចំហ
  • រស់នៅស្របទៅតាមជំនឿស៊ប់ ដោយផ្អែកលើគំនិតសម្មាទិដ្ឋិរបស់ខ្លួន   ។
  • វិធីអភិវឌ្ឍពុទ្ធិ : វិធីនេះផ្ដោតទៅលើលំដាប់ថ្នាក់ផ្សេងៗ   នៃសីលវិចារ   ។  តាមរយៈការវែកញែក  អំពីសីលធម៌   គ្រូដឹកនាំសិស្សឲ្យអនុវត្តរបៀបពិចារណាឲ្យបានច្រើនតាមលំដាប់ថ្នាក់ដូចតទៅ  :
  • ខ្លាចទណ្ឌកម្ម
  • បម្រើផលប្រយោជន៍របស់ខ្លួន
  • អនុវត្តតាមការសង្ឃឹមទុក
  • បំពេញភារកិច្ច និងគោរពសិទ្ធិអំណាច
  • អនុវត្តអំពើល្អរួមនៃសង្គម
  • ប្រព្រឹត្តស្របតាមគោលការណ៍សីលធម៌សកល ។

វិធីទាំងនេះអាចប្រើប្រាស់បានតាមការជ្រើសរើស   និងអាចប្រើរួមជាមួយគ្នាក៏បានតាមកាលៈទេសៈសមស្រប   ។

​​​​​​ឃ.  សិល្បៈ   និងការកំសាន្ត
សមាសភាគ  “ សិល្បៈ  និងការកំសាន្ត  ”   មានបំណងទាក់ទាញសិស្សឲ្យចូលចិត្តសិល្បៈ   និងអភិវឌ្ឍកោសល្យរបស់គេក្នុងវិស័យនេះថែមទៀត   ។   តម្លៃសិល្បៈសោភ័ណ   ត្រូវតែទទួលបានកការថែរក្សា   ហើយការកំសាន្តក៏ត្រូវទទួលបានការថែបំប៉នតាមរយៈការអប់រំសិល្បៈ   និងការអប់រំកាយកីឡា   ។   ចំណៃប្រឌិត   និងចំណាប់អារម្មណ៍លើសម្ផស្សបរិស្ថានធម្មជាតិ   សម្បត្តិវប្បធម៌  ត្រូវបានបណ្ដុះផ្សាំឲ្យរីកចម្រើនជាលំដាប់   ។    តាមរយៈសកម្មភាពសិល្បៈ   អប់រំកាយ-កីឡា   បុគ្គលិកលក្ខណៈរបស់សិស្សលូតលាស់   ។   សមាសភាគនេះរួមមាន   មុខវិជ្ជា  អប់រំសិល្បៈ   និងអប់រំកាយ -​ កីឡា    ។

អប់រំសិល្បៈ
ក. វត្ថុបំណង

វត្ថុបំណងរួម   នៃអប់រំសិល្បៈ   គឺអប់រំអំពីតម្លៃពិតរបស់សិល្បៈករខ្មែរ   តម្លៃសោភ័ណភាព  តម្លៃខាងស្មារតី   ដែលមានជាប្រចាំក្នុងជីវភាពប្រចាំថ្ងៃរបស់សិស្ស   ប្រកបដោយតុល្យភាពរវាងកាយនិងចិត្ត   សម្ភារៈនិងស្មារតី  សង្គមនិងបុគ្គល   ធម្មជាតិនិងមនុស្ស   មជ្ឈដ្ឋាននិងមនសិការ  ។   សម្រាប់កំសាន្ត ចេះលើកកម្ពស់តម្លៃសិល្បៈវប្បធម៌   ព្រមទាំងអប់រំនិស្ស័យសិល្បៈដល់សិស្សទៀតផង   ។

       ក្រោយការសិក្សាចប់មធ្យមសិក្សាបឋមភូមិ   សិស្សអាច  ៖
១. យល់ដឹងបានច្បាស់អំពីទ្រឹស្ដីជាមូលដ្ឋាន   និងការអនុវត្តជាក់ស្ដែង   នៃសិល្បៈ
២. ស្គាល់ពីប្រវត្តិ   តម្លៃពិត   និងសារៈសំខាន់  នៃសិល្បៈវប្បធម៌របស់ជាតិខ្លួន
៣.  មានគំនិតច្នៃប្រឌិតរស់រវើក
៤.  ប្រុងប្រយ័ត្នក្នុងការរក្សាលំនឹង  ស្មារតី  រៀបចំកាយវិការ  ដាក់មនោសញ្ចេតនាទៅតាមទម្រង់សិល្បៈនីមួយៗ
៥.​ មានវិញ្ញាណវាងវៃចំពោះសិល្ប៍សោភ័ណ   និងសិល្ប៍រូបារម្មណ៍
៦.  មានគំនិតស្រលាញ់  ​ថែរក្សា   ការពារ  កសាង  សិល្បៈវប្បធម៌របស់ប្រទេសជាតិ
៧. មានឥរិយាបថត្រឹមត្រូវចំពោះសិល្បៈវប្បធម៌ជាតិ   និងអន្តរជាតិ   ។
ខ.ខ្លឹមសារសំខាន់ៗ   នៃកម្មវិធីសិក្សា

 គំនូរ

  • ការប្រជុំបន្ទាត់ ( គំនូសកោង   ផ្ងារ   និងផ្កាប់  )
  • សិក្សាអំពីពណ៌
  • គំនូរងាយៗ (  សត្វស្លាប  សត្វចតុបាទ  រុក្ខជាតិ  )
  • សិក្សាអំពីក្បាច់ខ្មែរ
  • អក្សរជ្រុង និងអក្សរមូល
  • សិក្សាអំពី ពន្លឺ  និងស្រមោល
  • សិក្សាអំពី ប្លង់រូបភាពនៃគំនូរ
  • គំនូរសម្ភារៈ និងទេសភាពងាយៗ    ។

ការហត្ថកម្ម
២.១.  កាត់ក្រដាស

  • កាត់រំយោលផ្កា
  • កាត់អក្សរមូល អក្សរជ្រុង
  • កាត់ធ្វើជាវត្ថុ
  • កាត់ធ្វើជាវត្ថុប្រើប្រាស់ (  ប័ណ្ណជូនពរ   ប័ណ្ណអាពាហ៍ពិពាហ៍   រូបភាពផ្សេងៗ  )   ។

២.២. បត់ក្រដាស

  • បត់ក្រដាសជាមូលដ្ឋាន
  • បត់រូបងាយៗ ( សត្វ  សម្ភារៈផ្សេងៗ  )
  • បត់រូបពិបាក (  សត្វ  សម្ភារៈផ្សេងៗ )   ។

២.៣.​  ត្បាញ

  • ត្បាញងាយៗ ( លើក១  សង្កត់១  លើក២  សង្កត់២  )
  • ត្បាញពិបាក (  លើកគោមធ្វើជារូបភាពផ្សេងៗ  )     ។

២.៤. ​ ឆ្លាក់

  • ចំលាក់
  • ស្គាល់ក្បាច់ចំលាក់ងាយៗ ក្បាច់ត្របកឈូក  ក្បាច់ពងត្រី
  • ឆ្លាក់អក្សរមូល អក្សរជ្រុង   ។

 ៣. តន្ត្រី

៣.១. ប្រវត្តិសង្ខេបអំពីវង់ភ្លេង

  • វង់ភ្លេងអារក្ស ឬការបុរាណ
  • វង់ភ្លេងពិណពាទ្យ
  • វង់ភ្លេងយីកេ ។

៣.២.  ស្គាល់ឧបករណ៍តន្ត្រី

  • ទ្រខ្សែ៣ ( ទ្រខ្មែរ  )  ទ្រអ៊ូចំហៀង
  • ខ្សែដៀវ
  • ចាប៉ីដងវែង
  • ប៉ីអ ប៉ីពក
  • ឈិង
  • ស្គរអារក្ស ស្គរមហោរធឹក   ស្គរធំ  ស្គរសំភោរ   ស្គរយីកេ
  • រនាតឯក រនាតធុង
  • រនាតថោង
  • ស្រលៃតូចធំ ។

៤. ចម្រៀង

៤.១. បទនគររាជ  ( បទគោរពទង់ជាតិ  )

៤.២. បទភ្លេងការ

  • ហោមរោង
  • ចៅព្រាហ្មណ៍
  • ម្លប់ដូង ។

 ៤.៣. បទមហោរី

  • សារិយ៉ាំង
  • អាឡេ
  • ស្រីបុកស្រូវ ។

៤.៤. បទយីកេ

  • ណរ៉េ
  • កាទ្រិមបហេ ។

៤.៥. បទប្របកៃ (  បទប្រជាប្រិយ៍ )

  • បទបំពេរឈូង
  • ចោលឈូង
  • កែវអើយ ភិសវង់   ។

 ៥. របាំ

៥.១. ប្រវត្តិរបាំ

៥.២. ភាសាក្បាច់មូលដ្ឋាន

 ៥.៣. ក្បាច់មូលដ្ឋាន

  • របាំបុរាណ :  នារីជាជួរ
  • របាំប្រពៃណី : គោះត្រលោក
  • របាំប្រជាប្រិយ៍
  • រាំវង់ រាំក្បាច់
  • សារ៉ាវ៉ាន់
  • ឡាំលាវ ។

ល្បែងប្រជាប្រិយ : ទាញព្រ័ត្រ  ស្ដេចចង់  អង្គញ់ …

៧. កំណាព្យ

  • របៀបស្មូត្រ ៖
  • បទពាក្យបួន
  • បទពាក្យប្រាំពីរ
  • បទកាកគតិ
  • បទភុជុង្គលីលា
  • បទពំនោល
  • បទព្រហ្មគីតិ
  • បទបន្ទោលកាក ។

គ. វិធីបង្រៀន

  • គំនូរ និងការហត្ថកម្ម
  • ណែនាំសិស្សឲ្យអនុវត្តពីងាយទៅពិបាក
  • បង្ហាញរូបគំរូ និងនែនាំសិស្សឲ្យសង្កេត
  • ដាក់សម្ភារៈសម្រាប់ធ្វើចំពោះមុខសិស្ស
  • ពន្យល់ពីរបៀបអនុវត្ត បន្ទាប់មកឲ្យសិស្សអនុវត្តខ្លួនឯង
  • គ្រូគប្បីប្រាប់សិស្សឲ្យរកសម្ភារៈ វត្ថុធាតុដើមត្រៀមជាមុន   ។
  • តន្ត្រី ចម្រៀង  របាំ   និងកំណាព្យ
  • ការបង្ហាត់ តន្ត្រី   ចម្រៀង   របាំ  កំណាព្យ   ត្រូវរៀបចំដោយផ្អែកទៅលើប្រភេទនៃតន្ត្រី   ចម្រៀង   របាំ    និងកំណាព្យ   ការប្រតិបត្តិ   ចំណូលចិត្ត    និងឧបនិស្ស័យដែលមានពីកំណើត   តាមកំរិតអាយុរបស់សិស្ស   ។
  • ការបង្ហាត់ត្រូវមានលក្ខណៈរូបី (  ការធ្វើគម្រូបង្ហាញរបស់គ្រូ  )   និងត្រូវមានសម្ភារៈយកមកបង្ហាញសិស្ស  ​(  អាចបង្ហាញតាមកាសែតវីដេអូ   ( មើលស្ដាប់ )  កាសែតម៉ាញេ  ( ស្ដាប់  )   ។
  • ត្រូវទុកលទ្ធភាពឲ្យសិស្ស ពិចារណា   ធ្វើពិសោធន៍   និងបញ្ចេញសមត្ថភាព  ឬកោសល្យរបស់ខ្លួន។

អប់រំកាយ – កីឡា
ក. វត្ថុបំណង
កម្មវិធីសិក្សាអប់រំកាយកីឡា   មានបំណងអភិវឌ្ឍសិស្សខាងផ្លូវកាយ   ផ្លូវចិត្ត   ផ្លូវសង្គម   និងផ្លូវសញ្ចេតនា   ។  ​កម្មវិធីសិក្សានេះ    ទម្លាប់សិស្សឲ្យចូលចិត្តហ្វឹកហាត់កីឡាតាមរយៈការប្រតិបត្តិលំហាត់ប្រាណ   តាមក្បួនខ្នាតត្រឹមត្រូវ   ធ្វើឲ្យសិស្សយល់ដឹងអំពីសុខភាព   និងសុវត្ថិភាព   ហើយខិតខំពង្រឹងសុខភាពរបស់ខ្លួនឲ្យរឹងមាំ   និងបណ្ដុះឥរិយាបថរស់នៅបានល្អប្រសើរ     ។

  នៅមធ្យមសិក្សាបឋមភូមិ   ការបង្ហាត់អប់រំកាយកីឡាមានបំណងឲ្យសិស្សមាន  ៖
១. រាងកាយមាំមួន  សុខភាពល្អ  ក្ដីសប្បាយ  និងសុភមង្គលក្នុងជីវិត  ។
២. បំនិនចាំបាច់ក្នុងការលេងកីឡាគ្រប់ប្រភេទ  ។
៣. ឥរិយាបថល្អ  ក្នុងការប្រកួត  ក៏ដូចជាក្នុងកិច្ចសហប្រតិបត្តិការ  ។
៤. បម្រុងប្រយ័ត្ន   ចំពោះសុខភាព   និងសុវត្ថិភាព   ។
៥. អំណត់  អធ្យាស្រ័យ  ភាពវាងវៃ   ភាពរហ័សរហួន  ឆន្ទៈមោះមុត   និងមានគំនិតសមូហភាព  ។
៦. ការរីកចម្រើនក្នុងការសិក្សា   សណ្ដាប់ធ្នាប់   និងវិន័យល្អ   ។
៧. ចំនូលចិត្តហាត់ប្រាណ   និងលេងកីឡា  ។

ខ. ខ្លឹមសារសំខាន់ៗ  នៃកម្មវិធីសិក្សា

  • កាយសម្ព័ន្ធ
  • កីឡាឯកត្តជន
  • កីឡារួម

១. កាយសម្ព័ន្ធ
កាយសម្ព័ន្ធ  មានភារកិច្ចជួយសិស្សឲ្យមានរាងកាយមាំមួនដោយប្រតិបត្តិតាម  ៖

  • លំហាត់ចលនាជាចង្វាក់
  • លំហាត់ចលនារហ័ស
  • លំហាត់ចលនាប្រើកម្លាំង
  • លំហាត់ចលនាអំណត់ ។

 ២. កីឡាឯកត្តជន
កីឡាអត្តពលកម្ម  ៖
ក. ជួយសិស្ស  ឲ្យមានបំនិនខាងរត់  លោត  និងចោលក្នុងវិញ្ញាសា  រត់ទីខ្លី  រត់ទីឆ្ងាយ  រត់បណ្ដាក់   លោតកម្ពស់ លោតចំងាយ  លោតផ្លោះរបង   និងចោលដុំដែក   ។
ខ. ឲ្យសិស្ស   ប្រតិបត្តិបានល្អ   និងទទួលបានលទ្ធផលខ្ពស់ក្នុងពេលប្រកួត   ។
គ. ឲ្យសិស្សប្រតិបត្តិលំហាត់ដើម្បីសុខភាព   និងធ្វើឲ្យកាយសម្បទាបានល្អប្រសើរ  ។
៣. កីឡារួម
–    ជួយសិស្ស   ឲ្យមានបំនិនខាងកីឡា  និងឲ្យមានបំនិនខាងប្រយុទ្ធ   និងការពារ   ក្នុងការប្រកួត  :
ក. បាល់បោះ
ខ. បាល់ទះ
គ. បាល់ទាត់
ឃ. បាល់គប់  ។
–    ឲ្យសិស្សស្គាល់តួនាទីរបស់ខ្លួនក្នុងក្រុម   មានស្មារតីទទួលខុសត្រូវខ្ពស់   និងចេះធ្វើសហប្រតិបត្តិការ    ។

គ. វិធីបង្ហាត់
ក្នុងការបង្ហាត់គ្រូត្រូវ :

  • រៀបរាប់ និងពន្យល់សិស្សឲ្យបានច្បាស់ពីប្រធានលំហាត់នីមួយៗ   ។
  • ជម្រុញសិស្សឲ្យមានសេចក្ដីក្លាហានក្នុងការអនុវត្តលំហាត់ ឲ្យស្រលាញ់ការហ្វឹកហាត់   ឲ្យសិស្សចេះអនុវត្តដោយខ្លួនឯង   និងចេះសហការក្រុម   ។
  • បណ្ដុះសិស្សឲ្យស្កាល់តម្លៃ នៃការហាត់ប្រាណ  និងទម្លាប់សិស្សឲ្យប្រតិបត្តិជាប្រចាំ   ។
  • ណែនាំសិស្សឲ្យលេងល្បែងផ្សេងៗ ដើម្បីចម្រើនផ្នែកបច្ចេកទេស  និងកលល្បិច  ។
  • រៀបចំមេរៀនដោយផ្អែកលើអាយុ សុខភាពសិស្ស  សម្ភារៈ  និងទីលានសម្រាប់ហាត់  ។
  • ត្រូវសិក្សាស្រាវជ្រាវទៅលើឯកសារផ្សេងៗ ដូចជាភាពយន្តឯកសារស្ដីពីកីឡា  ​ទស្សនាវដ្ដី   ឬព្រឹត្តិប័ត្រកីឡា….   បន្ថែមលើសៀវភៅសិក្សាក្រសួង  ។