វត្ថុបំណងនៃកម្មវិធីខេមរភាសា

គោលបំណងកម្មវិធីសិក្សាមធ្យមសិក្សាបឋមភូមិ
ការអប់រំនៅមធ្យមសិក្សាបឋមភូមិ មានគោលបំណងកសាងបុគ្គលិកលក្ខណៈល្អប្រពៃ  និងលើកកម្ពស់សមត្ថភាពផ្លូវកាយ  ចិត្ត  និងប្រាជ្ញាសិស្សកម្ពុជាទាំងស្រីទាំងប្រុស ។  ត្រូវធានាឲ្យសិស្សទទួល ​និងប្រើប្រាស់ចំណេះដឹង  បំនិនមូលដ្ឋាន  មានសុខភាពល្អ  ចេះដោះស្រាយបញ្ហា  ចេះធ្វើពលីកម្ម  ចូលចិត្តសិក្សា  ស្រលាញ់ពលកម្ម  ដើម្បីឲ្យគេក្លាយជាមនុស្សមានប្រយោជន៍សម្រាប់គ្រួសារ  និងសហគមន៍ ​ អាចបំពេញការងារសមស្រប  អាចទទួលការបណ្ដុះបណ្ដាលមុខរបរកំរិតបឋម ឬ មធ្យម  និងអាចបន្តការសិក្សាទៅថ្នាក់ខាងលើតទៅទៀត  ។

បន្ថែមទៀត  ត្រូវជម្រុញឲ្យរីកចម្រើនសេរីភាពខាងគំនិត  បញ្ចេញមតិ  និងអធ្យាស្រ័យ ​ ហើយខិតខំបង្កលក្ខណៈឲ្យមានការអភិវឌ្ឍព្រមៗគ្នាខាងកោសល្យ ​ ឥរិយាបថ  តម្លៃ  ច្នៃប្រឌិត  សីលធម៌សង្គម  និង សិល្ប៍សោភ័ណ  ។ ​ ទន្ទឹមនឹងនេះត្រូវជម្រុញឲ្យមានកិច្ចសហការជិតស្និទ្ធ  រវាងគ្រូនិងសិស្ស  រវាងសាលារៀន  គ្រួសារ  និងសហគមន៍ ​ ។

 ជាក់ស្ដែងកម្មវិធីសិក្សាមធ្យមសិក្សាបឋមភូមិត្រូវធានាឲ្យសិស្ស ៖
១.  ​ចេះកសាងបុគ្គលិកលក្ខណៈរបស់ខ្លួន  ក្នុងការស្វែងរកលក្ខណៈសមស្រប ត្រៀមបម្រើសង្គម  ។
២. ស្ទាត់ក្នុងការប្រើប្រាស់ភាសាខ្មែរ  មានចំណេះដឹង  ការយល់ដឹង  និងបំនិនក្នុងមុខវិជ្ជាចំណេះទូទៅដែលមានកម្រិតទាន់សម័យ  ។
៣. ចេះពង្រឹងសុខភាព  និងអនាម័យរបស់ខ្លួន  និងរបស់សហគមន៍  ។
៤.  អាចផ្ដល់យោបល់  រកឃើញដំណោះស្រាយបញ្ហាសម្រាប់គ្រួសារ  និងសម្រាប់សហគមន៍ខ្លួន  ។
៥. មានស្មារតីមនុស្សជាតិ  គោរពសិទ្ធិមនុស្ស  ជួយជ្រែងអ្នកដទៃដោយសុទ្ធចិត្ត ​ ។
៦. ​ចេះពង្រីកកោសល្យ  គុណសម្បត្តិខ្លួន  គោរពខ្លួនឯង  មានទំនុកចិត្តលើខ្លួនឯង  ចូលចិត្តស្វ័យសិក្សាលើកកម្ពស់សមត្ថភាពរបស់ខ្លួនជាប្រចាំ  ហើយមានមោទនភាពជាតិជានិច្ច  ។
៧. ស្រលាញ់ការងារពលកម្ម  អាចធ្វើការជាមួយអ្នកដទៃបានសម្រេចផលល្អ  ហើយយល់ដឹងពីលំនាំគ្រប់គ្រងការងារថែមទៀត  ។
៨. យល់ដឹងអំពីការវិវត្តនៃរបបសង្គម  ហើយអាចធ្វើឲ្យសម្រេចការងារតាមតួនាទីជាសមាជិកល្អនៃសហគមន៍របស់ខ្លួន  ។
៩. ចេះថែរក្សាការពារ  និងធ្វើឲ្យបរិស្ថាន  សិល្បៈ វប្បធម៌ ​ក្នុងសហគមន៍រឹតតែល្អប្រសើរឡើង  ។

គោលការណ៍កម្មវិធីសិក្សាមធ្យមសិក្សា
          គោលដៅអប់រំជាតិបានបញ្ជាក់ថា  ការអប់រំនៅប្រទេសកម្ពុជាមានតួនាទីកសាងមនុស្សពេញលេញ  រីកចម្រើនលូតលាស់គ្រប់ផ្នែកព្រមៗគ្នាដោយមានតុល្យភាពរវាងប្រាជ្ញា ស្មារតី សញ្ចេតនា និងរូបកាយ  ។  ហេតុនេះហើយ ​កម្មវិធីសិក្សាមធ្យមសិក្សាត្រូវតែធានាការអប់រំពេញលេញ  ដែលបង្កលក្ខណៈឲ្យសិស្សទទួលបានចំណេះដឹង  បំនិន  ឥរិយាបថ  តម្លៃ  និងប្រសិទ្ធភាពនៃបម្រើបម្រាស់ភាសាតាមគោលបំណងដែលបានគ្រោងទុក ។

ក្នុងគោលគំនិតដូចខាងលើ ​ការអប់រំមធ្យមសិក្សាផ្អែកលើគោលការណ៍  ដូចតទៅ ៖
១. ភាពបន្តពីបឋមសិក្សា
អប់រំមធ្យមសិក្សាត្រូវតែបន្តពង្រីកបន្ថែមចំណេះដឹង  បំនិន  ឥរិយាបថ  និងតម្លៃ ពីបឋមសិក្សា ដើម្បីអភិវឌ្ឍសក្ដានុ-ពលរបស់សិស្ស  ឲ្យដល់សេចក្ដីសង្ឃឹមទុក ។
២. អប់រំមូលដ្ឋានសម្រាប់ទាំងអស់គ្នា
នៅមធ្យមសិក្សា  សិស្សចាំទទួលការអប់រំមូលដ្ឋានដូចគ្នាទាំងអស់ ។  ការអភិវឌ្ឍផ្លូវចិត្ត  និងផ្លូវកាយ ត្រូវតែប្រកប​ដោយតុល្យភាព  និងមានអន្តរៈទំនាក់ទំនងជិតស្និទ្ធ ។  អប់រំតម្លៃសីលធម៌  មិនមែនបង្រៀនតែក្នុងមុខវិជ្ជាអប់រំសីលធម៌​ ពលរដ្ឋវិជ្ជាប៉ុណ្ណោះទេ ​ តែនៅក្នុងគ្រប់មុខវិជ្ជាទាំងអស់តាមលទ្ធភាពដែលអាចធ្វើបាន ។  ចំពោះភាសាខ្មែរ ​ក៏ត្រូវលើកកម្ពស់  និងពង្រឹងនៅតាមគ្រប់មុខវិជ្ជាដែរ ។
៣. ​ភាពបន្តនៃការអប់រំពេញមួយជីវិត
កម្មវិធីសិក្សាមធ្យមសិក្សាបឋមភូមិ អប់រំសិស្សឲ្យស្រលាញ់ពុទ្ធិ ​ពង្រីកចំនូលចិត្តរៀនសូត្រ បំនិនសិក្សានិងមានឥរិយាបថវិជ្ជាមានក្នុងការស្វែងរកចំណេះដឹងពេញមួយជីវិត  ។
៤. ​អភិវឌ្ឍន៍គុណសម្បត្តិ
អប់រំមធ្យមសិក្សា  ត្រូវតែជួយសិស្សឲ្យរកឃើញបំនិនប្រសប់  សម្បទា  និងបំណងប្រាថ្នាពិតប្រាកដរបស់ខ្លួន  ដើម្បី ឈានទៅបំពេញមុខរបរសុច្ចរិត  និងជាទីពេញចិត្ត ​ ឬដើម្បីបន្តការសិក្សាទៅថ្នាក់លើទៀត  ។
៥.  ភាពចាំបាច់នៃការអប់រំ
ការអប់រំចាំបាច់ត្រូវតែឆ្លើយតបនឹងតម្រូវការនៃសង្គមសេដ្ឋកិច្ចរបស់មូលដ្ឋាន  និងសហគមន៍របស់សិស្ស ​។